(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) ដឹកនាំដោយលោកស្រី អ៊ីដា ក្រាចា (Ms. Eda KRAJA) នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ជំនួបពិភាក្សានេះបានធ្វើឡើងនាទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីសិក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើការងាររៀបចំផែនការគម្រោងដែលមានសក្តានុពល, សហការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសនិងនីតិវិធីគ្រប់គ្រងគម្រោង និងការអនុវត្តកិច្ចលទ្ធកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធ្ងន់ទៅនឹងការប្រែប្រួលបរិស្ថាន, និងសម្របសម្រួលស្នើសុំជំនួយហិរញ្ញប្បនទានពីដៃគូនិងអង្គការអន្តរជាតិ  ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក កំពង់ផែ និងការងារពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា៕