(បន្ទាយមានជ័យ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនៅសេសសល់ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនី ជាពិសេសសម្រាប់ក្រុងប៉ោយប៉ែត ដែលជាប៉ូលសេដ្ឋកិច្ចថ្មីរបស់ កម្ពុជា។
លោក កែវ រតនៈ លើកឡើងបែបនេះ ក្នុងឱកាសដែលលោកបានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដើម្បីស្តាប់ ដោយផ្ទាល់នូវមតិរបស់ជាប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងគោលដៅឈានទៅដាក់វិធានការដោះស្រាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បានស្តាប់ និងទទួលសំណូមពរពីគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតផងដែរ ។
លោក កែវ រតនៈ បានកត់សម្គាល់ថា ក្រុងប៉ោយប៉ែតមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការរីកចម្រើនយ៉ាងឆាប់រហ័ស នេះ គឺដោយសាររាជរដ្ឋាភិបាល បានកំណត់យកក្រុងនេះ គឺជាប៉ូលសេដ្ឋកិច្ចថ្មីមួយរបស់កម្ពុជា ដែលជំរុញឱ្យការអភិវឌ្ឍន៍មានសន្ទុះកាន់តែលឿន និងធ្វើឱ្យមានការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងនោះក៏មាន អគ្គិសនីផងដែរ។
យោងតាមក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលមានអគ្គិសនីប្រើប្រាស់មានចំនួន១៧៤,៥២៩គ្រួសារ ស្មើនឹង ៨២.២៤% នៃចំនួនគ្រួសារ
សរុប ២១២,២០២ គ្រួសារ។ ក្នុងចំណោមភូមិសរុបចំនួន៦៦៤ ក្នុងនោះភូមិមានអគ្គិសនីប្រើប្រាស់ចំនួន៦៦២ភូមិ ស្មើនឹង ៩៩.៧% និងភូមិមិនទាន់មានអគ្គិសនីប្រើប្រាស់ចំនួន ០២ភូមិ ស្មើនឹង ០.៣%៕