(ស្ទឹងត្រែង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង។

បន្ទាប់ពីលោក ស៊ី សួន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង រាយការណ៍ជូនពីលទ្ធផលការងាររបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្ទឹងត្រែងរួច លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលទើបប្រកាសទទួលស្គាល់ជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្ទឹងត្រែង បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

*ទី១៖ យកចិត្តទុកដាក់អនុវត្តតាមស្មារតីលក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់អង្គការរណសិរ្ស
*ទី២៖ គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន
*ទី៣៖ គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា
*ទី៤៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អរវាងរណសិរ្សគ្រប់ថ្នាក់
*ទី៥៖ ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជិតខាង
*ទី៦៖ ជំរុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា
*ទី៧៖ លើកកម្ពស់ស្មារតីស្រឡាញ់ ថែរក្សា និងការពារសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដចកិត្តិសង្គហបណ្ឌិត បានស្នើគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត គ្រប់ជាន់ថ្នាក់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុម នៃសង្គម និងការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

សម្តេចកិត្តិសង្គហបណ្ឌិត បន្តជំរុញឲ្យអប់រំបំផុសចលនា បញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ឲ្យបានជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្ដុំកម្លាំងមហាជន ពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះបានយ៉ាងល្អ និងអធិកអធម និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សខេត្តស្ទឹងត្រែង គ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្មស្របតាមលក្ខន្តិកៈនិងបេសកកម្មរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈ៕