(ឧត្តរមានជ័យ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ ថវិកា មកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

លោក អ៊ុន ចាន់ដា បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺក្រោមគំនិតផ្តចចផ្តើមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅពេលដែលសម្តេចនៅជាអភិបាលខេត្តកំពង់ចាមនាពេលនោះ។ លោកថា «យើងខ្ញុំទាំងអស់គ្នាដែលជាអ្នកបន្តវេន ជាថ្នាក់ដឹកនាំជំនាន់ក្រោយ នៅតែបន្តរក្សានូវប្រពៃណីដ៏ល្អមួយនេះ គឺបន្តពង្រឹងនូវការចងសម្ព័ន្ធមេត្រីភាព ហើយខិតខំរិះរកនូវមធ្យោបាយនិងធនធានដើម្បីជាការដោះស្រាយសំណើរ សំណូមពរ បងប្អូនកងកម្លាំង»

លោកបានបន្ដថា ការជួបជុំគ្នាដ៏សប្បាយរីករាយនាពេលនេះ បានបង្ហាញឲ្យឃើញពីការបន្តនូវប្រពៃណី ដែលថ្នាក់ដឹកនាំខេត្តកំពង់ចាមជំនាន់មុន បានបន្តបន្សល់ទុកមកដល់នាពេលបច្ចុប្បន្ននេះ ហើយយើងនឹងខិតខំនៅក្នុងការជួយគ្នាទៅវិញទៅមកមិនថាសមរភូមិមុខ សមរភូមិក្រោយទេ គឺដំណាក់កាលណាក៏ដោយ នៅពេលដែលប្រទេសរបស់យើង មានសុខសន្តិភាព គឺជាឱកាសនៃការតបស្នង ព្រោះកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែននេះ ធានានូវបូរណៈភាពទឹកដី នេះជាការជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យប្រទេសរបស់យើងមានសុខសន្តិភាព ទទួលបាននូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងប្រាប់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមអ៍លេខ៦ទាំងអស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ឈប់នូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដើម្បីកុំឲ្យក្រុមប្រឆាំងក្រៅច្បាប់ ក្រុមជ្រុលនិយមមួយក្តាប់តូចយកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ធ្វើជានយោបាយ ធ្វើជាឧបករណ៍នយោបាយតទៅទៀត ដូច្នេះសម្តេចប្រកាសបញ្ឈប់តែម្តង។ លោកថ្លែងបញ្ជាក់ប្រាប់កងទ័ពទៀតថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ គឺបានផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ប្រទេសកម្ពុជា ប៉ុន្តែអ្វីលើកឡើងដោយក្រុមប្រឆាំងនៅក្រៅប្រទេស គឺជាមូលហេតុមួយប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសផ្តល់រថយន្តម៉ាកស្តារិច ចំនួន២គ្រឿង ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ សម្រាប់ប្រើប្រាស់តាមត្រូវការ ឧបត្ថម្ភថវិកាដល់ទីបញ្ជាការកងពល ចំនួន៥០លានរៀល, ឧបត្ថម្ភកងពលធំអន្តរាគមន៍លេខ២ ថវិកា១០លានរៀល,​ឧបត្ថម្ភនាយទាហាន នាយទាហានរង និងពលទាហានចំនួន១,៣៦១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣មុឺនរៀល, ទឹកក្រូចចំនួន៥៥០កេស, មីចំនួន៦០០កេស, ទឹកសុទ្ធ១០០កេស, ចេកអំបូងលឿងចំនួន១៥០កេស, សម្ភារបរិក្ខាវេជ្ជសាស្ត្រផ្តល់ជូនមន្ទីរពេទ្យកងពល និងសម្ភារមួយចំនួនទៀត ព្រមទាំងបានកាត់ខ្សែបូរណ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ៦ ចាប់ពីថ្ងៃនេះតទៅ៕