(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីខេត្ត ក្រុង មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ នាំយកគ្រឿងឧបភោគ បរិភោគសម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ៤២គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅលើទីទួលសុវត្ថិភាពមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី នៃក្រុងក្រចេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អំណោយដែលត្រូវផ្តល់ជូន ប្រជាពលរដ្ឋទាំង៤២គ្រួសារ នាពេលនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មុង១, មី១កេស, ត្រីខ១០កំប៉ុង, កៅស៊ូតង់១ និងថវិកា៥ម៉ឺនរៀលផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចតែងនឹករលឹក និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ។

លោកអភិបាលខេត្តក្រចេះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែទាំសុខភាពឲ្យបានល្អ ជាមួយនឹងការរស់នៅស្អាត ហូបស្អាត ផឹកទឹកស្អាត (ទឹកដាំពុះ) គេងត្រូវដាក់មុង និងប្រសិនបើមានជំងឺណាមួយកើតឡើង ត្រូវរួសរាន់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទទួលបានការពិគ្រោះ និងពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ។

លោកបានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ឲ្យនាំយកថ្នាំពេទ្យ និងមុងជ្រលក់ថ្នាំ មកផ្តល់ជូនប្រជាពលរដ្ឋ បន្ថែមទៀត ដែលពួកគាត់កំពុងស្នាក់នៅលើទីទួលមានសុវត្ថិភាពនេះ។ បន្ទាប់មកលោក វ៉ា ថន ក៏បានចុះទៅពិនិត្យទីតាំងដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ និងទីដែលបានជម្លៀសសត្វពាហនៈមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះផងដែរ៕