(កំពង់ឆ្នាំង)៖ ស្ត្រីជាអតីតកម្មការិនីរោងចក្រម្នាក់ មានជំងឺហើមជើងទាំងសងខាងដើរមិនរួចជាច្រើនឆ្នាំមកហើយ បានព្យាយាមចងការប្រាក់គេយកមកព្យាបាលខ្លួនរយៈពេលជាង៣ឆ្នាំកន្លងមក ហើយនៅតែមិនជា បច្ចុប្បន្នដោយនាង ពុំមានលទ្ធភាពដើម្បីព្យាបាលខ្លួនជាបន្តទៅទៀតនោះ ទើបនាងបានដាច់ចិត្តសំពះស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយព្យាបាលនាងក្រែងបានជា សះស្បើយដើម្បី និងបានត្រឡប់ចូលធ្វើការរោងចក្រវិញ គ្រាន់បាន ដោះស្រាយជីវភាព និងចិញ្ចឹមកូន។

ស្ត្រីជាអតីតកម្មការិនីរោងចក្រ ដែលមានជំងឺហើមជើងដើរមិនរួចខាងលើនេះ បានរៀបរាប់ថា នាងមានឈ្មោះ ប៉ក់ ស្រីនាថ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាងបានធ្វើការនៅរោងចក្រស្បែកជើងអស់រយៈពេលជាង ៣ឆ្នាំ តាំងពីនាងធ្លាក់ខ្លួនឈឺមកនាងក៏ឈប់បានទៅធ្វើការតាំងពីពេលនោះរហូតមក ដោយនាងរវល់ដើរព្យាបាលខ្លួន។
បច្ចុប្បន្ននាងមានកូនប្រុសម្នាក់ទើបតែមានអាយុជាង៣ខួប ចំណែកប្ដីរបស់នាងបានបោះបង់នាង និងកូនចោលជាងមួយឆ្នាំមកហើយ ខណៈដែលនាងដេកឈឺនៅនិងកន្លែងដើរមិនរួច។ ប្តីរបស់នាងនេះដែរគឺត្រូវបានចាស់ទុំរៀបចំ ផ្សំផ្គុំទុកដាក់ទៅតាមប្រពៃណី តែបច្ចុប្បន្នគាត់មិនបានទទួលខុសត្រូវ ជួយមើលថែទាំនាង និងចិញ្ចឹមកូននោះទេ គឺគាត់បានបោះបង់នាង និងកូនចោលដោយ សារតែនាងធ្លាក់ខ្លួនឈើដើរមិនរួចធ្វើការងារមិនកើត។

នាងបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននាងបានមកស្នាក់នៅជាមួយម្ដាយ ដែលម្ដាយជាអ្នកមើលថែទាំងរូបនាង និងកូនរបស់នាង ព្រោះនាងដើរមិនរួច និងធ្វើការងារអ្វីមិនកើត គឺដេកនៅតែមួយកន្លែងអស់រយៈពេលជាច្រើនឆ្នាំ មកហើយ។

ទាំងនាង និងម្ដាយបានខ្ចីបុលប្រាក់គេយកមកមើលជំងឺនាងនៅតាមមន្ទីរពេទ្យមួយចំនួនដែរ តែមិនបានធូរស្បើយនោះទេ ដោយគ្រូពេទ្យបានប្រាប់ថា នាងគឺមានរោគសន្លាក់។ ពេលនេះនាងអស់លទ្ធភាពមិនមានប្រាក់ព្យាបាលខ្លួន ជាបន្តទៀតហើយ ទើបនាងសំពះស្នើសុំថ្នាក់ដឹកនាំ មេត្តាជួយព្យាបាលនាង ក្រែងបានជាសះស្បើយ និងបានចូលធ្វើការវិញ ដើម្បីបានប្រាក់យកមកដោះស្រាយជីវភាពនិងចិញ្ចឹមកូន ព្រមទាំងដោះបំណុលគេ។

ជុំវិញករណីខាងលើនេះលោក សន គឹមរៀង មេភូមិក្តុលអភិវឌ្ឍន៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ថា ក្មួយ ស្រីខាងលើនេះពិតជាអតីតកម្មការិនីរោងចក្រស្បែកជើងពិតប្រាកដមែន ព្រោះកន្លងមកនាងបានបម្រើការនៅរោងចក្រស្បែកជើងមួយកន្លែងក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីនាងបានធ្លាក់ខ្លួនឈឺ នាងក៏ឈប់បានធ្វើការតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃគ្រួសារក្មួយ ស្រីគឺពិតជាមានជីវភាពក្រីក្រ ដោយលោកមេភូមិបានចេញប័ណ្ណក្រីក្រជូនគ្រួសារនាងផងដែរ។

លោកបានបញ្ជាក់ថា នាងមានប្ដីឈ្មោះ ភួន ភារៈ បច្ចុប្បន្នរស់នៅក្នុងភូមិក្តលរអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ មានតួនាទីជាប្រធានប្រជាការពារភូមិ និងជាប្រធានទ្រទ្រង់សុខភាពភូមិផងដែរ។ ចំណែកនាង និងប្ដីរបស់នាងក៏ត្រូវបានចាស់ទុំក្នុងភូមិរៀបចំផ្សំផ្គុំទុកដាក់ ទៅតាមប្រពៃណី តែបច្ចុប្បន្នប្ដីរបស់នាងបានបែកផ្លូវពីនាងរយៈពេលជាងមួយឆ្នាំមកនេះ លោកមិនដឹងថាពួកគេទាំងពីរនាក់មានបញ្ហាអ្វីជាមួយគ្នានោះទេ លោកគ្រា ន់តែបានដឹងថា ទាំងពីរនាក់នេះគឺពុំទាន់បានលែងលះគ្នាដាច់ស្រេចនៅឡើយទេ ហេតុនេះក្នុងនាមជាប្តីនៅតែមានកាតព្វកិច្ចក្នុងការមើលថែប្រពន្ធកូន៕