(អាមេរិក)៖ មិនទាន់បានបញ្ជូនមនុស្សទៅដល់ភពអង្គារផង ឥឡូវនេះក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក កំពុងតែគិតគូពីការបង្កកំណើត នៅទីឋានព្រះអង្គារដែលជា រឿងកាន់តែស្មុគស្មាញជាង ការបញ្ជូន ទៅរស់នៅលើភពអង្គារ ថែមួយកម្រិតទៀត។ នេះបើតាមការចេញផ្សាយ ដោយវែបសាយ Theverge នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
គំរោងការណ៍របស់ Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX មិនមែនគ្រាន់តែ ជាការបញ្ជូនមនុស្សទៅភពអង្គារតែមួយមុខនោះទេ ប៉ុន្តែការសម្របខ្លួន និងការបង្កកំណើតដោយខ្លួន ឯង តាមរយៈការរួមភេទក្នុងបរិស្ថានដែលខុសប្លែកពីផែនដីទាំងស្រុងនោះ វាគឺជារឿងសំខាន់មួយទៀត ដែលអាចឲ្យយើងធ្វើការបង្កើតមនុស្សជំនាន់ថ្មី ដែលយកភពអង្គារ ធ្វើជាស្រុកកំណើតតែម្តង។
តើវាអាចទៅរួចទេ ដែលមនុស្សធ្វើការរួមភេទ មានផ្ទៃពោះ បង្កើតកូន និង ចិញ្ចឹមកូននៅលើភពអង្គារ? ជាការពិតណាស់ ក្រុមមនុស្សដំបូងដែលនឹងទៅរស់នៅលើ ភពអង្គារនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ នឹងមិនអាចត្រឡប់មកផែនដីវិញនោះទេ គឺពួកគេត្រូវព្យាយាមសម្របខ្លួនរស់នៅទីនោះ ហើយនឹងស្លាប់ ចោលឆ្អឹងនៅទីនោះតែម្តង។ ធម្មជាតិរបស់មនុស្ស គឺត្រូវតែមានការរួមភេទនិងបង្កកំណើត ប៉ុន្តែ ការរួមភេទក្នុងបរិស្ថាន ដែលមិនសូវមានទំនាញដូចជាភពអង្គារនោះ ប្រាកដជាមិនមែនជារឿងរ៉ូមែនទិក ដូចនៅលើផែនដីនោះឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីមនុស្សចាប់ផ្តើមបំពេញបេសកកម្ម នៅទីអវកាសនោះមក យើងមិនទាន់បាន សាកល្បងឲ្យមានការរួមភេទ នៅទីអវកាសនោះឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រប្រាកដជាអាចស្មានដឹងថា វាពិតជារឿងដ៏រំខានមួយយ៉ាងប្រាកដណាស់។ កាលពីឆ្នាំ១៩៩០ លោក Mark Lee និងលោកស្រី Jan Davis បានរៀបការជាមួយគ្នាស្ងាត់ៗ មុនពេលដែលពួកគេ ធ្វើដំណើរទៅទីអវកាស ប៉ុន្តែតាមច្បាប់របស់ NASA បានធ្វើការហាមប្រាមមិនឲ្យគូស្នេហ៍ ធ្វើដំណើរទៅទីអវកាសជាមួយគ្នាឡើយ ព្រោះវានឹងបង្ក ជាផលប៉ះពាល់អវិជ្ជមាន ដល់ផ្នែកសតិអារម្មណ៍ របស់បុគ្គលិក នៅទីអវកាសដូចគ្នា។
និយាយអំពីការប៉ាន់ស្មានលើភាពជាក់ស្តែងនោះ គឺការរួមភេទនៅក្នុងសុញអាកាស គឺពិតជារឿងលំបាក និងឈឺចាប់ ព្រោះតែសកម្មភាពនានា នឹងប្រព្រឹត្តទៅយឺតៗបំផុត ហើយដៃគូពិតជាពិបាកក្នុងការ អោបរឹតគ្នា ដោយសារតែរាងកាយពួកគេនឹងអណ្តែតតាមអំពើចិត្ត លុះត្រាណាតែពួកគេរៀនចេះអំពី របៀបគ្រប់គ្រងខ្លួនឯងឲ្យហ្នឹងធឹងជាមុនសិន។ សម្រាប់ភពអង្គារវិញ គឺបរិស្ថានមានភាពប្រសើរជាង សុញអាកាសបន្តិចប៉ុណ្ណោះ ហើយបើចង់រួមភេទនោះ មនុស្សត្រូវរៀបសម្របខ្លួនក្នុងការរស់នៅ ទីនោះជាមុនសិន មុននឹងគិតគូលើការចង់បង្កើតដៃគូរួមភេទ រហូតដល់ការបង្កើតកូនទៀតនោះ៕