(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញបូជាផ្កាភ្ញីទៀនធូប នៅទីសក្ការៈប្រាសាទព្រះគោ ស្រុកថាឡាបរិវ៉ាត់ និងវត្តពោធិញ្ញាណ ហៅវត្តព្រះធំ ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ដើម្បីសុំសេចក្តីសុខសប្បាយ ដល់ប្រទេសជាតិ និងប្រជាជន។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញអមដំណើរដោយ ប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងលោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើការបួងសួងដល់តេជៈបារមី នៅតាមទីក្ការៈទាំងអស់ សូមជួយតាមបីបាច់ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា សូមមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋខ្មែរទាំងអស់។

នៅក្នុងពិធីតាមបែបសាសនានេះ ព្រះសង្ឃគង់នៅវត្តពោធិញ្ញាណ ហៅវត្តព្រះធំ បានស្វាធ្យាយចម្រើនព្រះបរិត្តលើករាសី និងប្រសិទ្ធពរជ័យកើតមានដល់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា រួមទាំង ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង សូមមានតេជៈបារមីខ្លាំងក្លា មានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាថ្នាក់ដឹកនាំកម្ពុជា ដើម្បីជោគវាសនាអនាគតរាជរដ្ឋាភិបាល និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនទ្វេឡើងថែម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចែកអំណោយ ជាក្រម៉ា និង ថវិកា ដល់ លោកតាជី លោកយាយជី នាឱកាសនោះផងដែរ៕