(ក្រចេះ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ មានករណីលិចទូកដឹកដំឡូងមីមួយបានកើតឡើង នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលនៅលើទូកជិះមានគ្នា៥នាក់ បណ្ដាលឲ្យ២នាក់ស្លាប់ និង៣នាក់ទៀតបាត់ខ្លួន។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនរងគ្រោះដែលជិះលើទូកដឹកដំឡូងនេះ មានសរុបចំនួន៥នាក់ ក្នុងនោះ២នាក់នៅមានជីវិត និង៣នាក់បាត់ខ្លួន ប៉ុន្ដែក្រោយមករកឃើញសាកសព២នាក់ ខណៈម្នាក់ទៀតកំពុងបន្ដរុករក។

តាមការសាកសួរអ្នកបើកទូក មូលហេតុដែលបណ្តាលឲ្យលិចទូកគឺបណ្តាលមក ពីខ្យល់ខ្លាំង និងមានរលកទឹកវៃទូកឲ្យលិច។ បច្ចុប្បន្នអ្នកបាត់ខ្លួន ប្រជាពលរដ្ឋ និងអាជ្ញាធរ មានសមត្ថកិច្ចកំពុង អន្តាគមន៍ និងបានប្រើប្រាស់ ទូកអេវ ទូកឈើចំនួន៧គ្រឿង ដើម្បីស្វែងរកអ្នកបាត់ខ្លួន។

ចំពោះសាកសពកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងអន្តាគមន៍ស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម្នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្ត៕