(ឡាវ)៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Algernon Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង។ ភាគីទាំងពីរបានធ្វើការពិភាក្សាជុំវិញគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញគម្រោងនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងហុងកុង ប្រទេសចិន ដោយផ្តោតលើបរិវត្តកម្មឌីជីថល និរន្តភាព និងការអភិវឌ្ឍធនធានមនុស្សជាដើម។

លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី Mary Ng រដ្ឋមន្ត្រីជំរុញការនាំចេញ ពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកាណាដា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា មកដល់បច្ចុប្បន្ន និងសកម្មភាពអាទិភាពនានា សម្រាប់ការកសាងសមត្ថភាព សម្រាប់អាស៊ាន នៅក្រោមកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-កាណាដា។

នៅព្រឹកដដែលនេះ លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយហុងកុងលើកទី៨។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង កិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុងកុង។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានស្វាគមន៍ការបញ្ចប់ការពិនិត្យមើលឡើងវិញ នូវកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស នៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានពង្រឹងដោយជោគជ័យនូវសមត្ថភាព នៃតួអង្គពាក់ព័ន្ធនៃភាគី នៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។

បន្ថែមពីនេះ លោកបានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសតាមរយៈការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក និងគំនិតផ្តួចផ្តើមការចូលរួមសេដ្ឋកិច្ចដែលត្រូវបានពង្រីក ព្រមទាំងរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លុះនៅរសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយកាណាដា លើកទី១៣។ កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងកាណាដា រួមទាំង តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

លោកក៏បានបន្ដចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយឥណ្ឌា លើកទី២១។ កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាព នៃការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ដោយផ្តោតលើសារៈសំខាន់ នៃការពង្រឹងលក្ខខណ្ឌដើម្បីសម្របសម្រួលដល់ចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន និងធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌាកាន់តែមានប្រសិទ្ធភាព ងាយស្រួលប្រើប្រាស់ ព្រមទាំងមានលក្ខណៈសម្របសម្រួលពាណិជ្ជកម្មសម្រាប់ធុរកិច្ច។

រហូតដល់ល្ងាច លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងរៀបចំដោយលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ដើម្បីស្វាគមន៍គណៈប្រតិភូទាំងអស់ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ៕