(កែប)៖ លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកខេត្តកំពត-កែប បានស្នើដល់អង្គភាព អាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋ នៃរដ្ឋបាលខេត្តកែប ត្រូវសហការស្រុះដៃគ្នាជាមួយមន្ទីរព័ត៌មាន សំដៅផ្សព្វផ្សាយនូវសក្តានុពលរបស់ខេត្ត ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ ដែលខេត្តមួយនេះសម្រេចបាន ក្នុងន័យទាក់ទាញអ្នកទេសចរមកលេងកម្សាន្ត ឲ្យបានកាន់តែច្រើនថែមទៀត។

ការលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារ៩ខែ ដើមឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកែប និងពង្រឹងវិស័យព័ត៌មាន នៅទូទាំងខេត្តកែប នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប ដោយចូលរួមពីសំណាក់ លោក ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក រស់ ឧត្តង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សោម កុសល ក៏បានកោតសសើរ ចំពោះលទ្ធផលសម្រេចបានរបស់មន្ទីរព័ត៌មានខេត្តកែប ដែលបានបំពេញតួនាទីរបស់ខ្លួន ក្នុងនាមជាសេនាធិការរបស់ក្រសួងព័តមាន និងរដ្ឋបាលខេត្តកែប។ ជាពិសេស តាមរយៈមន្ទីរព័ត៌មាន តំបន់ទេសចរណ៍ក្នុងខេត្តកែប ត្រូវបានផ្សព្វផ្សាយចេញ ដល់ដៃមហាជន បានយ៉ាងទូលំទូលាយ។

លោកបានស្នើដល់បណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ចំណុះអោយរដ្ឋបាលខេត្តកែប ផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មាន ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឲ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។ លោកក៏បានណែនាំដល់ប្រធានមន្ទីរព័ត៌មាន ត្រូវបន្តក្តាប់ឲ្យបានរាល់មតិសាធារណៈ ជាពិសេសឆ្លើយតបភ្លាមៗ ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។

លោក ប៊ុន យោង អភិបាលរងខេត្តកែប បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នៅតែបានចាត់ទុកវិស័យព័ត៌មាន ជាចំណុចអាទិភាពមួយដ៏សំខាន់មិនអាចខ្វះបាន ហើយសារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមក រវាងរាជរដ្ឋាភិបាល ជាមួយនឹងប្រជាជន។

លោក​អភិបាល​រងខេត្ត​ បន្តថា មន្ទីរព័ត៌មានខេត្តកែប​ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់គាំទ្ររាល់ដំណើរការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយរាល់ខ្លឹមសារសំខាន់ៗរបស់រដ្ឋបាលខេត្ត និងបណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ដែលជ្រកក្រោមឆ័ត្ររបស់រដ្ឋបាលខេត្ត ក្នុងន័យបញ្ជូនព័ត៌មាន ដែលមានសារប្រយោជន៍ទាំងនោះ ទៅកាន់ប្រជាពលរដ្ឋមហាជន ជាពិសេសរាជរដ្ឋាភិបាលឲ្យបានដឹង។ បន្ថែមពីនោះ មន្ទីរបានដើរតួនាទីយ៉ាងសំខាន់ នូវការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ  ប្រកបដោយភាពសកម្ម បុរេសកម្ម។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ថា តាមរយៈការិយាល័យទូរទស្សន៍ រយៈពេល៩ខែ ដើមឆ្នាំ២០២៤នេះ មន្ទីរបានធ្វើការផលិតព័ត៌មានក្នុងខេត្តកែប បានចំនួន៣១២អត្ថបទ រូបភាព និងបានបញ្ជូនទៅកាន់អង្គភាពព័ត៌មានឯកជន ដែលមានប្រតិបត្តិការណ៍នៅខេត្តកែប ទាំង៣៤អង្គភាព ជួយផ្សព្វផ្សាយបន្តផងដែរ៕