(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានលើកទឹកចិត្តប្រជា​ពលរដ្ឋ​រងការចាញ់បោកគ្រប់រូបភាពទាំងអស់ ប្តឹងទៅសមត្ថកិច្ច ដើម្បីស្វែងរកជនខិលខូចមក​ផ្តន្ទា​ទោស។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ឌី វិជ្ជា បានគូសរំលេចនូវការឆបោកក្រោមរូបភាពមួយ​ចំនួនកំពុងកើតមាននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានដូចជា៖ ​ឆបោក​ក្រោម​រូប​ភាព​វិនិយោគ​, ឆបោក​ក្រោម​រូប​ភាព​កម្ចី​អនឡាញ, ឆបោក​ក្រោម​រូប​ភាព​ក្លែង​អត្តសញ្ញាណ​, ឆបោក​ទំនាក់​ទំនង​ស្នេហា​ និងឆបោក​ក្រោម​រូប​ភាព​ទិញ​លក់​ឥវ៉ាន់​។

លោក ឌី វិជ្ជា បានលើកទឹកចិត្តពលរដ្ឋទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ច​ ដើម្បីរកមុខជនខិលខូច​ទាំងអស់នោះយកមកផ្តន្ទាទោស បើមិនដូច្នោះទេអំពើទាំងអស់នេះនៅតែបន្តកើតឡើងនៅក្នុង​សង្គម ពិសេសវាជាមេរោគរ៉ំារ៉ៃជារៀងរហូត។

ពាក់ព័ន្ធក្រោមរូបភាពដូចការរៀបរាប់ខាងលើនេះ ឃើញមានការលើកឡើងច្រើនលើបណ្តាញ​ព័ត៌មាន និងបណ្តាញសង្គមផងដែរ។ ពលរដ្ឋរងការចាញ់បោកក៏បានលើកជាសំណូមពរដល់​សមត្ថ​កិច្ចផ្តល់មធ្យោបាយងាយស្រួលផ្សេងៗ ដើម្បីពួកគាត់បានរាយការណ៍ ឬដាក់ពាក្យប្តឹង។

សំណូមពរ ក៏ព្រោះការចាញ់បោកតាមអនឡាញនេះ ពេលប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន គាត់ថាមិន​មែនជាជំនាញរបស់គាត់ ហើយទាមទារឱ្យប្តឹងទៅប្តឹងនៅសមត្ថកិច្ចប្រឆាំ​ងបទល្មើស​បច្ចេក​វិទ្យា​ជាដើម។

ពាក់ព័ន្ធការឆបោកតាមអនឡាញនេះផងដែរ សមត្ថកិច្ចជំនាញ ក៏ធ្លាប់លើកពីផលលំបាកក្នុងប្រតិ​បត្តិការព្រោះខ្វះកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ជនល្មើសប្រើមធ្យោបាយទូទាត់លុយតាម​ធនា​គារ តែពេលសុំកិច្ចសហការពីធនាគារ គឺទាមទារលក្ខខណ្ឌផ្សេងៗ ដែលបង្កើតបានភាពស្មុគស្មាញក្នុងការរកជនល្មើស៕