(ក្វាងចូវ-ចិន)៖ តបតាមការអញ្ជើញរបស់មន្ទីរពេទ្យ Cell Life Bank នៅទីក្រុងក្វាងចូវ ប្រទេសចិន, នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ធ្វើទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើបក្នុងការយកស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ រួមមានមហារីក, ស្ត្រីពិបាកយកបុត្រ, ភ្នែកស្រវាំង, ជំងឺស្ទះសរសៃឈាម (Stroke) ជាដើម និងថែរក្សាសម្ផស្ស នៅទីស្នាក់ការកណ្តាលរបស់មន្ទីរពេទ្យ Cell life Bank ។

តាមការឱ្យដឹងត្រួសៗ ពីតំណាងមន្ទីរពេទ្យបានឱ្យដឹងថា មន្ទីរពេទ្យនេះ បានចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ ហើយក្រោយមកមន្ទីរពេទ្យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៅសហរដ្ឋអាមេរិក ដើម្បីសិក្សាលើការបង្កើត និងស្រាវជ្រាវ លើ ការយកសំណាកស្ទីមស៊ែល (Stem Cell) របស់មនុស្ស មកព្យាបាលលើអ្នកជំងឺ ។

ជាក់ស្តែង មានអ្នកជំងឺប្រមាណជាង ១០ម៉ឺន ករណីត្រូវបានទទួលការព្យាបាលដោយជោគជ័យ តាមរយៈការចាក់ស្ទីមស៊ែល (Stem Cell) នេះ។

យកឱកាសនេះ, បណ្ឌិត កៅ ថាច ក៏បានអញ្ជើញភាគីខាងមន្ទីរពេទ្យ ដោយសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន៕