(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនហុងដា ដែលជាក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយលើពិភពលោក បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។

ការប្រកាសបែបនេះ ធ្វើឡើងដោយលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួល​បន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុនហុងដា បានជម្រាបជូនសម្ដេចធិបតីដោយសង្ខេប​អំពី​វឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល២៥ឆ្នាំមកនេះ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិបានសម្ដែងនូវ​ការកោត​សរសើរ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាម​រយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល​ ដែលតែងតែ​ផ្ដល់​ការ​​គាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូច​ពេលបច្ចុប្បន្ន​នេះ។

លោកនាយកប្រតិបត្តិបានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់​រដ្ឋា​ភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង​បាន​គោរពជម្រាបជូនអំពីផែនការពង្រីកការវិនិយោគ​ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុន​នៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុន​ទាំង​នៅ​កម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការ​សម្រេច​ចិត្តបណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលនេះ​ជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពជំនាញជូនប្រជាពលរដ្ឋកម្ពុជា និងការបង្កើតការងារ ។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការផ្ដោតយកចិត្តទុកដាក់របស់រាជ​រដ្ឋាភិបាល​ដោយ​បានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក​កម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការ​បង្កើត​រោងចក្រដំឡើង និងផលិតយានយន្តនៅកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រតិបត្តិការ​អាជី​វ​កម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំ​ក្នុងប្រទេស​កម្ពុជាឱ្យបានច្រើនថែមទៀត៕