(បន្ទាយមានជ័យ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អនុប្រធាន និងជាអគ្គលេខាធិការតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកស្រី កែ សួនសុភី បាននាំយកអំណោយរបស់លោកអភិសន្ដិបណ្ឌិត និងលោកស្រី ព្រមទាំងសប្បុរសជន ប្រគល់ជូនដល់មណ្ឌលកុមារវិសាខានៃក្ដីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ដែលមានសិស្សានុសិស្ស ចំនួន៧១នាក់ (ស្រី៥២នាក់)។

អំណោយទាំងនោះ រួមមាន កុំព្យូទ័រ Desktop ចំនួន៥គ្រឿង, សៀវភៅសរសេរ និងសម្ភារសិក្សា ចំនួន២៥០កញ្ចប់, សៀវភៅពុម្ភរក្សាទុកក្នុងបណ្ណាល័យ ចំនួន៥៥៥ចំណងជើង, ស្បែកជើងកីឡា ចំនួន៤០គូ, បាល់ទះ ចំនួន៥គ្រាប់, អង្ករ ចំនួន២តោន, ទឹកត្រី ចំនួន១០០យួរ, ទឹកស៊ីអ៉ីវ ចំនួន១០០យួរ, ទឹកបរិសុទ្ធ ចំនួន១០០យួរ និងមីជាតិ ចំនួន១០០កេស។

ជាមួយគ្នានេះ លោកបណ្ឌិត បាននាំយកផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹករបស់លោកអភិសន្ដិបណ្ឌិត និងលោកស្រី ជម្រាបដល់ប្អូនៗ កុមាកំព្រាទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ទោះបីប្អូនៗ មិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗមានថ្នាក់ដឹកនាំដ៏ល្អ តាមជួយទំនុកបំរុងថែរក្សាតាមដាន សួរនាំជាប្រចាំ ដោយទទួលបានការគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ។ លោកអភិសន្ដិបណ្ឌិត និងលោកស្រី មានក្ដីសង្ឃឹមខ្ពស់ថា ប្អូនៗនៅទីនេះ នឹងមានអនាគតដ៏ប្រសើរក្នុងជីវិត។

ពិធីប្រគល់នេះ ក៏មានការអញ្ជើចូលរួមផងដែរ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ មន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា និងកីឡាករបាល់ទះជម្រើសជាតិកម្ពុជា៕