(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាសម្រាប់វិនិយោគិនស្តីពី  «ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ» ដើម្បីបញ្រ្ជាបការយល់ដឹងពីវិស័យមូលបត្រ ជំរុញការជួញដូរមូលបត្រ និងការពារហានិភ័យដោយការទាក់ទាញវិនិយោគឆបោកគ្រប់រូបភាព។

សិក្ខាសាលាស្តីពី «ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ» បានរៀបចំឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ, សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក នៅសណ្ឋាគារ អេមព្រីស អង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ​លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយ លោក សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក.។

ការរៀបចំសិក្ខាសាលា​ និងវគ្គបណ្តុះបណ្តាលវិនិយោគិន គឺជាយុទ្ធសាស្រ្តមួយដែល ន.ម.ក. បានដាក់ចេញ ដើម្បីកសាងមូលដ្ឋានវិនិយោគិន ក្នុងគោលដៅដើម្បីបញ្រ្ជាបការយល់ដឹងពីវិស័យមូលបត្រ ជំរុញការជួញដូរមូលបត្រ និងការពារហានិភ័យដោយការទាក់ទាញវិនិយោគឆបោកគ្រប់រូបភាព។ ជាក់ស្ដែងសិក្ខាសាលាស្ដីពី «ដើមទុនឆ្លាតវៃក្នុងផ្សារមូលបត្រ» ​នេះ ជាយុទ្ធសាស្រ្ត និងជាឧបករណ៍ជំនួយដ៏សំខាន់ដល់អ្នកចូលរួម សម្រាប់ធ្វើការផ្សារភ្ជាប់តម្រូវការសាច់ប្រាក់ និងការវិនិយោគទៅនឹងផ្សារមូលបត្រ។ សិក្ខាសាលា​នេះ ផ្តោតទៅលើប្រធានបទចំនួនបីគឺ ប្រធានបទទី១. ការទទួលបានហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ប្រធានបទទី២.កំណប់ក្នុងវិស័យមូលបត្រ និងប្រធានបទទី៣.ការស្វែងរកឱកាសក្នុងទីផ្សារមូលបត្រ៖យុទ្ធសាស្រ្តដើម្បីជោគជ័យ។

​លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានថ្លែង​ថា «ន.ម.ក. មានអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធវិស័យមូលបត្រជូនដល់សមាជិក និងសាធារណជន។ វិស័យមូលបត្រជាច្រកមួយដែលផ្តល់ឱកាសដល់ក្រុមហ៊ុនទទួលបានដើមទុនសម្រាប់ការវិនិយោគ និងបង្កើនជម្រើសវិនិយោគបន្ថែមសម្រាប់វិនិយោគិន»

ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ តម្រូវឱ្យមានរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មដោយសវនករឯករាជ្យដែលទទួលបានការអនុញ្ញាតពី ន.ម.ក.។ ​លោកបានលើកឡើងបនែ្ថមទៀតថា វិនិយោគិនអាចទាញយកផលប្រយោជន៍ពីទីផ្សារមូលបត្រ តាមរយៈការចេះត្រៀមខ្លួនដើម្បីវិនិយោគ។ មុននឹងក្លាយទៅជាអ្នកលក់ភាគហ៊ុន វិនិយោគិនគួរត្រូវធ្វើជាអ្នកទិញភាគហ៊ុនជាមុនសិន ដោយចាប់ផ្តើមពីការវិនិយោគក្នុងសាច់ប្រាក់ទំហំតូច។ ជាការពិតណាស់ការវិនិយោគមានខាត និងចំណេញ ប៉ុន្តែដើម្បីកាត់បន្ថយការខាតវិនិយោគិនត្រូវចេះគ្រប់គ្រងហានិភ័យ ដោយចាប់ផ្តើមពីការសិក្សាស្រាវជ្រាវពីទីផ្សារមូលបត្រ​។

ជាមួយគ្នានេះដែរ លោក ហុង ប៊ុនណា តំណាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានលើកឡើងដែរថា «ការវិនិយោគមិនមែនជាការផ្សងសំណាងទេ តែជាការវិនិយោគដោយពឹងផ្អែកលើការសិក្សាស្រាវជ្រាវ និងចំណេះដឹង ហើយការវិនិយោគក្នុងវិស័យមូលបត្រជាការវិនិយោគរយៈពេលវែង​»

លោក លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ​​មានប្រសាសន៍ថា សិក្ខាសាលានេះអាចឱ្យម្ចាស់អាជីវកម្ម បុគ្គលិក និងសមាជិក-សមាជិកាស្វែងយល់ពីប្រភពទុនថ្មី ក្រៅពីការដាក់ទ្រព្យធានានៅធនាគារដើម្បីទទួលបានប្រាក់កម្ចីពីធនាគារ តាមរយៈការទទួលបានហិរញ្ញប្បទានពីទីផ្សារមូលបត្រ។ លោកបានស្នើដល់ ន.ម.ក. នៅតែបន្តសហការផ្តល់សិក្ខាសាលាជូន ម្ចាស់អាជីវកម្ម បុគ្គលិក និងសមាជិក-សមាជិកាបន្តបន្ទាប់ទៀតដើម្បីស្វែងយល់ពីទីផ្សារមូលបត្រ។ លោកជឿជាក់ថា នៅពេលដែលអ្នកចូលរួមស្វែងយល់កាន់តែច្បាស់ពីទីផ្សារមូលបត្រ នោះនឹងមានក្រុមហ៊ុនចូលរួមវិនិយោគនៅក្នុងវិស័យមូលបត្រ​៕