(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈលោក សុខ សូកេន ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចផងដែរ។

ការចេញព្រះរាជក្រឹត្យកែសម្រួល រដ្ឋមន្ត្រីទាំងពីររូបនេះ បានធ្វើឡើងបន្ទាប់ពីនៅព្រឹកមិញនេះ សម័យប្រជុំពេញអង្គរដ្ឋសភា ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភា សរុប ១០៦រូប បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលទាំង ២រូប។

តើរដ្ឋមន្ត្រីថ្មី របស់ក្រសួងទេសចរណ៍ មានប្រវត្តិបែបណា?
គិតនៅត្រឹមឆ្នាំ២០២៤ លោក ហួត ហាក់ មានវ័យ៥១ឆ្នាំ។ លោកបានកើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានលោកឪពុកឈ្មោះ ហួត ឈុន អ្នកម្តាយឈ្មោះ យឹម ហុង និងមានភរិយាឈ្មោះ សុង ធីតា ព្រមទាំងមានកូនប្រុសស្រី ចំនួន ៣នាក់។

លើការសិក្សាអប់រំ លោកទទួលបានការអប់រំបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។

លោកក៏បានបន្តការសិក្សា បញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ២០០៥ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston (Preston University) នៅឆ្នាំ២០០៨។ លើសពីនេះទៅទៀត ដោយស្រឡាញ់ការសិក្សា និងការតស៊ូព្យាយាម លោក ហួត ហាក់ ក៏បានទៅបន្តការសិក្សានៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី សាធារណៈរដ្ឋប្រជាមានិតចិន ជាពិសេស លោកក៏មានឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារំាង និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងសាធារណៈ ពីសាលាជាតិរដ្ឋបាលបារាំង (ENA) ដែលជាសាលាដ៏ល្បីល្បាញមួយរបស់អឺរ៉ុប ក្នុងការបណ្តុះបណ្តាលអ្នកនយោបាយ អ្នករដ្ឋបាល អ្នកសេដ្ឋកិច្ច និងអ្នកការទូតជាន់ខ្ពស់។ ចំពោះភាសាបរទេស លោកអាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

ទោះធ្លាប់មានបទពិសោធន៍លើការងារជំនាញផ្សេងៗ ជាច្រើនដូចជា សាស្រ្តាចារ្យច្បាប់ និពន្ធនាយកសារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ មុខជំនាញការទូត លោក ហួត ហាក់ បានប្រឡូកក្នុងការងារ នៅក្នុងវិស័យអធិការកិច្ចប្រមាណជា ៣០ឆ្នាំមកហើយ ដោយធ្លាប់ចូលបម្រើការតាំងពីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ជាអនុរដ្ឋលេខាធិការរយៈពេល ១០ឆ្នាំ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងអធិការកិច្ចផងដែរ។

ក្នុងនាមជារដ្ឋមន្រ្តីថ្មីនៃក្រសួងទេសចរណ៍ លោក ហួត ហាក់ បានប្តេជ្ញាយ៉ាងមុតមាំ ចងចាំជានិច្ចនូវអភិក្រមការងារទាំង៥យ៉ាង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវីរៈបុរសជាតិខ្មែរ ដែលបានដឹកនាំប្រទេសអស់រយៈកាលជាង ៤០ឆ្នាំនោះគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

តាមរយៈចំណេះដឹង ដ៏សម្បូរបែប បទពិសោធន៍ការងារប្រមាណជា៣០ឆ្នាំ រួមជាមួយការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេ លោក ហួត ហាក់ ពិតជានឹងបន្តរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយរបស់រាជរាដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕