(កំពង់ស្ពឺ)៖ ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងអាវុធហត្ថក្រុងច្បារមន ធ្វើការបង្ក្រាបករណីគ្រឿងញៀនមួយករណីកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន។
យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ អែល ឡយ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន១គ្រឿង, ថ្នាំក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់, ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន១ខ្សែ, ខ្សែកលោហៈធាតុពណ៌លឿងចំនួន១ខ្សែ, ចិញ្ជៀនលោកហៈធាតុពណ៌លឿង ចំនួន១ខ្សែ, ថ្នាំគ្រាប់ក្រវីពណ៌ក្រហមចំនួន៤កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង និងឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយបញ្ជូនទៅតុលាការ ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕