(អូស្រ្តាលី)៖ មេធាវីដ៏ល្បីមួយរូបរបស់ប្រទេសអូស្រ្តាលី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ការកាត់ទោស អ្នកជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះ ដឹកអ្នកដំណើរចំនួន ២៩៨នាក់រួមទាំងសហសេវិក របស់អាកាសចរណ៍ម៉ាឡេស៊ី MH17 អាចនឹងប្រព្រឹត្តិឡើងនៅក្នុងប្រទេសអូស្រ្តលី។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
លោកមេធាវី Geoffrey Robertson បានលើកឡើងថា រាល់ការកាត់ទោសក្រិដ្ឋជនទាំងឡាយ ត្រូវតែធ្វើឡើងនៅក្នុងតុលាការរបស់ប្រទេស ដែលមានប្រជាជនត្រូវបានសម្លាប់ នៅក្នុងសោកនាដកម្ម ណាមួយ។ លោក Robertson បានបន្តប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC ថា ដោយហេតុនេះ វានឹងជួយផ្តល់យុត្តិធម៌ទៅឲ្យក្រុមគ្រួសារជនរងគ្រោះសញ្ជាតិអូស្រ្តាលីទាំង ៣៨នាក់ដែលបានស្លាប់ ហើយ «ចៅក្រមប្រទេសអូស្រ្តាលី នឹងទទួលបាននូវកោតសរសើរ ចំពោះឯករាជ្យភាព និងតម្លាភាពរបស់ពួកគេ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកមេធាវីអូស្រ្តាលីរូបនេះ ត្រូវបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Julie Bishop បានបង្ហើបនូវគំនិតនៃការកាត់ទោស ក្នុងស្រុកដូចគ្នា ទៅនឹងអ្វីដែលប្រទេសហូឡង់ ធ្លាប់បានធ្វើផងដែរក្រោយពីកើតមានការបំផ្ទុះគ្រាប់បែក នៅលើយន្តហោះដឹកអ្នកដំណើរ Pan Am Flight 103 កាលពីឆ្នាំ១៩៨៨៕