(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញនៃសហរដ្ឋអាមេរិក បានជំរុញឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បើកកិច្ចពិភាក្សាទល់មុខគ្នាតែម្តង ជាមួយនឹងទីក្រុងព្យុងយ៉ាង ដើម្បីឲ្យរដ្ឋកុម្មុយនិស្តមួយនេះ ធ្វើការបង្កកកម្មវិធីនុយក្លេអ៊ែរ រួចសឹមធ្វើការសម្រេចរំសាយវាចោលតែម្តង នៅពេលបន្ទាប់ទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
លោក Jane Harman អតីតសមាជិកសភា និងបច្ចុប្បន្នជាប្រធាននៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិ Woodrow Wilson សម្រាប់ក្រុមអ្នកវិទូនានា បានរៀបចំអត្ថបទមួយដោយសហការជាមួយលោក James Person អ្នកជំនាញសិក្សាលើបញ្ហាកូរ៉េខាងជើង។ ក្នុងនោះអ្នកជំនាញជើងចាស់ទាំងពីររូប បានជំទាស់ទៅនឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដោយបានលើកហេតុផលថា វាមិនអាចឲ្យ ប្រទេសដ៏ឯកោមួយនេះ បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានឡើយ។
នៅក្នុងអត្ថបទនេះបានសង្កត់ធ្ងន់ដូច្នេះថា «ទង្វើដ៏លីលា គឺនៅតែបន្តកើតឡើងម្តងហើយម្តងទៀត ហើយលទ្ធផលដែលគេរំពឹងទុកនោះ គឺតែងតែផ្ទុយ។ ទណ្ឌកម្មនានា ដែលអាមេរិកព្យាយាមដាក់ និង សម្ពាធពីប្រទេសចិននោះ នឹងមិនអាចផ្លាស់ប្តូរបញ្ហានាពេលថ្មីៗនេះបានឡើយ»។ បន្ថែមពីនេះទៀត ភាពជាក់ស្តែង គឺទណ្ឌកម្មចេះតែបន្តដាក់ចេញ ខណៈការអភិវឌ្ឍមីស៊ីលផ្លោង និង ការសាកល្បង គ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ចេះតែប្រព្រឹត្តទៅជារឿយៗដដែល។
ដូច្នេះក្រុមជំនាញខាងលើនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក ធ្វើការចរចាប្រកបដោយភាពបត់បែន ខ្ពស់បំផុត ដោយយកបញ្ហាសន្តិសុខដែលកំពុងស្ថិតនៅក្នុងហានិភ័យ ជាមួយទីក្រុងព្យុងយ៉ាងនោះ ជាគោលចម្បងតែម្តង ទើបអាចឲ្យគ្រប់គ្នាជំរុញទឹកចិត្ត ដោះស្រាយបញ្ហាបានរហ័ស និងមាន ប្រសិទ្ធភាព។ អាមេរិកគួរតែយកមេរៀននៃការធ្វើអន្តរាគមន៍ របស់ខ្លួនទៅក្នុងប្រទេសអ៊ីរ៉ាក់ និងអង្គការ NATO ទៅក្នុងប្រទេសលីប៊ី ធ្វើជាគំរូ ព្រោះបើរដ្ឋណាមួយមិនយល់ស្របការចាត់វិធានការណ៍នោះ បញ្ហានឹងមិនអាចបញ្ចប់ទៅដោយ ការធ្វើអន្តរាគមន៍ ឬទណ្ឌកម្មទាំងកម្រោលនោះបានឡើយ៕