(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយលោក Archbishop Ettore Balestrero តំណាងអចិន្ត្រៃយ៍របស់ the Holy See (បុរីវ៉ាទីកង់) ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងដំណើរទស្សនកិច្ចរបស់ប្រធានអនុសញ្ញាអូតាវ៉ា ទៅកាន់បុរីវ៉ាទីកង់។

សូមជម្រាបថា លោកបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់បុរីវ៉ាទីកង់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងដំណើរទស្សនិច្ចនេះ តាងនាមសម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកគ្រោងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច ប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់ ក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គ និងស្នើដល់បុរីវ៉ាទីកង់ បន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ដើម្បីជំរុញដល់កិច្ចខិតខំប្រឹងប្រែងសាកល ក្នុងការបញ្ចប់ការរងទុក្ខវេទនា ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស៕