(ព្រះវិហារ)៖ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន។

នៅក្នុងវគ្គហ្វឹកហ្វឺនេះ ក៏មានការអញ្ជើញចូលរួមអំពី លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ​ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន​កណ្តាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, លោកមេបញ្ជាការរង ប្រចាំការអចិន្ត្រៃយ៍គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទាំង៥, លោកឧត្តមសេនីយ៍ ស្នងការខេត្ត ឧត្តរមានជ័យ និងស្នងការខេត្តព្រះវិហារ, លោកស្នងការរងទទួលផែនការងារព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី៤។

គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមសរុបចំនួន១៤៨នាក់ មកពីតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក។

នៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាមទាំងអស់ និងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសភូមិភាគ​ទី៤ផងដែរ។​

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងនគបាលថា ត្រូវចូលរួមគ្នាអនុវត្តឱបានដាច់ខាតនូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ ដូច្នេះសូមកម្លាំងនគរបាលទាំងអស់ត្រូវមានកិច្ចសហការគ្នាល្អ ជាពិសេសត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗដែលបានកើតឡើង៕