(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មកទល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ២,៥០០នាក់ហើយ មកពីគ្រប់មជ្ឈដ្ឋានបានចុះ និងបន្តចុះឈ្មោះ តាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាន នៃប្រទេសកម្ពុជា។

បើតាមអ្នកនាំពាក្យបានបញ្ជាក់ថា ចំនួននេះគឺរាប់ចាប់តាំងពីថ្ងៃនៃការបើកការចុះឈ្មោះដំបូងមកកាលពីចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ ក្រុមអ្នករៀបចំបានកំណត់រួចហើយនូវចំនួនអ្នកត្រូវទៅចូលរួមទាំង២០០នាក់ សម្រាប់ទស្សនកិច្ចលើក/ជើងទី៣ ក្នុងក្របខណ្ឌនៃការរៀបចំដំណើរទស្សនកិច្ចពលរដ្ឋរយៈពេល១ថ្ងៃ ក្នុងតម្រាយផ្លូវចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញនៅថ្ងៃដដែល។

លោកបានបន្តថា បញ្ជីឈ្មោះប្រជាពលរដ្ឋទាំង២០០នាក់ ដែលត្រូវធ្វើទស្សនកិច្ចនៅថ្ងៃទី២១ ខែកញ្ញានេះ ត្រូវបានក្រុមអ្នករៀបចំផ្សព្វផ្សាយហើយ រីឯអ្នកត្រូវទៅចូលរួមកំពុងចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះ ដើម្បីត្រៀមរៀបចំខ្លួន ក៏ដូចជាដើម្បីទទួលព័ត៌មានស្តីពីកម្មវិធីធ្វើដំណើរ ការសម្របសម្រួលការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការងារព្រំដែន សម្រាប់ប្រជាពលរដ្ឋបានការយល់ដឹងបន្ថែម និងស្វែងយល់ឱ្យស៊ីជម្រៅទៀតជុំវិញការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែន និងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។

ដោយឡែក ការចុះឈ្មោះសម្រាប់កម្មវិធីទស្សនកិច្ចថ្ងៃទី២៨ ខែកញ្ញា ក៏បានប្រព្រឹត្តទៅយ៉ាងរលូន និងជាហូរហែ។ ការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ និង២៨ ខែកញ្ញា មានចំនួនសរុប ប្រមាណ ១,៥០០នាក់ សម្រាប់ថ្ងៃទាំងពីរនេះ ដោយក្រុមអ្នករៀបចំនឹងសម្របសម្រួលការចូលរួមជាបន្តបន្ទាប់ទៅតាមជើងធ្វើដំណើរមួយលើកៗ។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា ការចូលរួមដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋក្នុងដំណើរទស្សនកិច្ចនេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ដែលបានមើលឃើញដោយផ្ទាល់អំពីការពិតនៃការគ្រប់គ្រង ការការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនរួចហើយ បានចែករំលែកបទពិសោធន៍ល្អដែលបានទទួលពីការរៀបចំដំណើរទស្សនកិច្ចនៅប៉ែកឦសាននេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ព្រមមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរ មន្ត្រីជំនាញខាងព្រំដែនផងដែរ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋនូវបទពិសោធន៍ដំណើរទស្សនកិច្ចមួយដែលពោរពេញដោយចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសបង្កឱកាសក្នុងការកសាងបន្ថែមនូវសាមគ្គីភាពជាតិកម្ពុជាតែមួយរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។

ជាងនេះទៀតប្រជាពលរដ្ឋបានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសកម្មភាពនានានៃទស្សនកិច្ចទាំងពីរលើកកន្លងទៅ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចប្រភេទនេះ ដែលជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។ ចំណុចដែលពិសេសនោះ គឺការបង្ហាញនូវទឹកចិត្តពិតរបស់ប្រជាពលរដ្ឋដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីភាពពិត និងស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការការពារអធិតេយ្យភាពជាតិនិងបូរណភាពទឹកដីដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពីភាពរីកចម្រើនជាក់ស្តែងយ៉ាងច្រើនខាងផ្នែកសង្គម-សេដ្ឋកិច្ច ទាំងការអភិវឌ្ឍផ្នែកជីវភាពរស់នៅនិងសុខសុវត្ថិភាពក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់ក្រវាត់ព្រំដែន ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ផងដែរ។

មន្ត្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ ដំណើរទស្សនកិច្ចនេះក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងដើម្បីបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជាមានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ សោះឡើយ ហើយប្រជាជនកម្ពុជានឹងបន្តរួមកំលាំងសាមគ្គីគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ដើម្បីរួមចំណែកថែរក្សាស្ថិរភាពក្នុងសង្គម និងចូលរួមក្នុងសកម្មភាពដើម្បីកំណើនសេដ្ឋកិច្ច។

សូមរំលឹកជូនផងដែរថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែកមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕