(ស្វាយរៀង)៖ លោក ឃុន រតនា អភិបាលរងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់បណ្ណ័សរសើរដល់សិស្សជាប់និទ្ទេស A ចំនួន៤០៨នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ នៅសាលាបឋមសិក្សា ព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីប្រគល់បណ្ណ័សរសើរនេះមានការចូលរួមពីលោកស្រី ទុំ ទីណា នាយិកាសាលាបឋមសិក្សាព្រះសីហនុ លោកស្រី គង់ បូទុម គណៈកម្មការសាលា និងលោក លោកស្រី គណៈកម្មការទ្រទ្រង់សាលា ព្រមទាំងអាណាព្យាបាល សិស្សជាង១០០០នាក់ផងដែរ។

ក្នុងឱកាសនោះលោក ឃុន រតនា បានថ្លែងថា ក្នុងនាមលោកអភិបាលក្រុងស្វាយរៀង សូមកោតសរសើរគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រះសីហនុ ដែលបានរៀបចំកម្មវិធីប្រគល់បណ្ណ័សរសើរជូនសិស្សា នុសិស្សដែលជាប់ និទ្ទេសល្អ ដែលទាំងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើវិស័យអប់រំ និងជំរុញដល់ការសិក្សាសិស្សឲ្យកាន់តែមានភាពទូលំទូលាយ និងបានចូលរួមសហការយ៉ាងស្អិតរមួតពីអាណាព្យាបាលសិស្សផងដែរ។

លោក ឃុន រតនា បានបន្តថា សាលាបឋមសិក្សាព្រះសីហនុស្ថិតនៅកណ្ដាលក្រុងស្វាយរៀង គឺជាសាលាគំរូមួយ សាលាស្តង់ដា សាលាស្អាត ទាំងបរិស្ថានល្អ អនាម័យ ប្រចាំខេត្ត ហើយឆ្នាំនេះសាលាបឋមសិក្សាព្រះសីហនុ ក៏បានចូលរួមប្រកួតប្រជែងជាសាលាស្តង់ដាគំរូ ដោយបានដាក់ពាក្យ ទទួលបានការវាយតម្លៃរួចរាល់ហើយដែរ។

លោក ឃុន រតនា បានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២៤-២០២៥នេះ សាលាបឋមសិក្សាព្រះសីហនុ មានកម្មវិធីសិក្សា២ពេល គឺពេលព្រឹក និងពេលរសៀល គឺពេលរសៀលចាប់ពីម៉ោង២ រសៀលដល់ ៤និង៣០នាទីល្ងាច ហើយការបង្រៀនបន្ថែមនេះ មិនមែនជាការគាបសង្កត់ ឱ្យកូនសិស្សត្រូវតែមករៀនទេ បើកូនសិស្សណាមានពេលទំនេរអាចមករៀនបាន គឺជាកម្មវិធីបង្រៀនបំប៉នមាន៣មុខវិជ្ជា រួមមាន៖ ភាសាខ្មែរ គណិតវិទ្យា និងកុំព្យូទ័រ។

លោកបន្តថា រយៈកាលកន្លងមកអាណាព្យាបាល តែងតែរអ៊ូរទាំថារៀនគួរច្រើនម៉ោងអស់ថវិកាច្រើន តែឥឡូវនេះសាលា មានម៉ោងបំប៉នបន្ថែមសម្រាប់សិស្ស ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យការបង្រៀន និងរៀនកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកបន្តថា ម៉ោងពេលរសៀលនេះ ក៏សូមស្នើអាណាព្យាបាលចូលរួមគាំទ្របដិភាគដល់សាលា ដើម្បីគាំទ្រដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនបំប៉នបន្ថែមដល់សិស្សានុសិស្ស ហើយចំពោះការបដិភាគនេះ គឺមានការប្រជុំ រវាងអាណាព្យាបាលសិស្ស ជាមួយនឹងគណៈគ្រប់គ្រងសាលាផងដែរ ដើម្បីទទួលយកបានទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ឃុន រតនា គូសបញ្ជាក់ថា សាលារៀនពឹងអាណាព្យាបាលសិស្ស ដើម្បីនាំកូនមករៀន ចំណែកអាណាព្យាបាលសិស្សពឹងសាលារៀន ដើម្បីឱ្យកូនបានសិក្សា នូវទទួលចំណេះដឹង ទៅអនាគត សម្រាប់បុព្វហេតុអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។ ដូចនេះសាលារៀនចាំបាច់ត្រូវសហការជិតស្និត ជាមួយអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធដ៏ទៃទៀតក្នុងសហគមន៍របស់ខ្លួនផងដែរ៕