(កែប)៖ រយៈពេល៣ថ្ងៃ នេះពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ទៅកម្សាន្ដនៅខេត្តកែប ប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស ១១៩២នាក់ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្ត ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹង យ៉ាងដូច្នេះថា «គ្រាន់តែនៅរមណីយដ្ឋានខេត្តកែប និងកោះទន្សាយ យើងទទួលបានភ្ញៀវទេសចរណ៍មកលេងកម្សាន្ដ ប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស១១៩២នាក់ ដែលធ្វើដំណើរតាមរថយន្តគ្រប់ប្រភេទចំនួន១៣៣២០គ្រឿង ម៉ូតូរាប់ម៉ឺនគ្រឿង និងយានផ្សេងៗ មួយចំនួនធំទៀតផង ចំពោះការធ្វើដំណើរតាមផ្លូវទឹកទៅកោះទន្សាយក៏មានសុវត្ថិភាព និងរបៀបរៀបរយល្អផងដែរ»។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំផែនការ និងប្រើប្រាស់កម្លាំងពាក់ព័ន្ធនៅថ្នាក់ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជន ដែលទៅកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារ៉ាមទាំងអស់ និងដំណើរមកជួបជុំក្រុមគ្រួសារ ដំណើរកម្សាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកែប ដោយរលូន និងដោយសប្បាយរីករាយ ពុំមានបទល្មើស និងអំពើខុសច្បាប់ផ្សេងៗកើតឡើងទេ៕