(ភ្នំពេញ)៖ រាជរដ្ឋាភិបាលចង់ប្រែក្លាយតំបន់ជនបទ និងតំបន់ដីសម្បទានសង្គមកិច្ចឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សុខុមាលភាព បិរស្ថាន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យាឌីជីថល និងអភិបាលកិច្ចល្អ។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីគម្រោងអភិវឌ្ឍន៍តំបន់សម្បទានដីសង្គមកិច្ច ភូមិក្សេមក្សាន្ត ទ្រនុំសសុភមង្គល និងបុរីជនបទ ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះក៏មានការចូលរួមពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ មន្ត្រីជំនាញជាច្រើនរូបទៀត។
កិច្ចប្រជុំនាពេលនេះរៀបចំឡើងក្នុងគោលបំណងធ្វើការប្រែក្លាយតំបន់ជនបទ និងតំបន់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សុខុមាលភាព បិរស្ថាន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យាឌីជីថល និងអភិបាលកិច្ចល្អ។
លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍តំបន់ដីសម្បទានជនបទ ឱ្យក្លាយជាបុរីជនបទ ភូមិឋានមានសុភមង្គល របស់លោកឧបនាយករដ្ឋមន្ត្រី និងប្តេជ្ញាចូលរួមសហការតាមតួនាទី និងភារកិច្ចរបស់ក្រសួង ដើម្បីសម្រេចតាមគោលដៅដែលបានដាក់ចេញ ដែលអាចធ្វើឲ្យជីវភាពរបស់ប្រជាជនរស់នៅជនបទមានចំណូលខ្ពស់ និងសម្រចតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០៕