(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) បានណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករដែលត្រូវចេញចូល តាមព្រំដែនកម្ពុជា-ថៃ។
ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណៈកម្មការចំពោះកិច្ច ព្រមទាំងអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដែលបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក ក្នុងនោះមានទាំងកិច្ចសហការជាមួយភាគីថៃ ដើម្បីបំពេញកិច្ចការងារជូនពលករដែលចេញចូលតាមព្រំដែន។ បន្ថែមពីនេះ បានកោតសរសើរដល់កម្លាំង និងសមត្ថកិច្ចទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែន សំដៅរួមគ្នាកាត់បន្ថយភាពអសកម្ម។
បើតាមឧបនាយករដ្ឋមន្ដ្រី ប្រធានគណៈកម្មការចំពោះកិច្ច, ជាមួយលទ្ធផលដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្ដដោះស្រាយផងដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យបាននូវស្មារតីមុតស្រួច តាមទិសដៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបង្ហាញពីការទទួលខុសត្រូវចំពោះពលករ ជួយសម្រួលឲ្យពលករទៅបម្រើការងារដោយស្របច្បាប់។
លោកសន្ដិបណ្ឌិត នេត សាវឿន បានណែនាំឲ្យគ្រប់តួអង្គភាពពាក់ព័ន្ធ ត្រូវឯកភាពគ្នាពង្រឹងសេវាតាមព្រំដែន ដើម្បីឲ្យពលករ និងពលរដ្ឋចេញចូលតាមព្រំដែន កាត់បន្ថយការកោសរួសក្រៅផ្លូវការ និងការប្រឈមនានា។ លើសពីនេះ លើកទឹកចិត្ត និងជំរុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដែលក្នុងនោះ អភិបាលខេត្ត និងកម្លាំងជំនាញសមត្ថកិច្ចទ្វេភាគីទាំងនគរបាល អន្ដោប្រវេសន៍ ទាហាន និងគយជាដើមត្រូវជួបប្រជុំទៀងទាត់ បើមានសំណូមត្រូវដោះស្រាយជាក់ស្ដែង ជាមួយភាគីថៃ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញទិសដៅឲ្យពង្រឹងសមត្ថកិច្ចជំនាញនៅតាមព្រំដែន និងបង្កើនកិច្ចសហការជាមួយភាគីថៃ, លើកកម្ពស់ការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់អំពីបញ្ហាសមត្ថកិច្ចនៅតាមព្រំដែន ពោលត្រូវផ្សាយអំពើល្អត្រឡប់ទៅវិញ នូវអ្វីដែលសមត្ថកិច្ចបានបំពេញនាពេលកន្លងមក ទៅតាមគ្រប់រូបភាពទាំងអស់។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ក្រើនរំលឹកដល់លេខាធិការដ្ឋាន ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ពង្រឹងទំនាក់ទំនង និងធានាដល់ការបូកសរុបរបាយការណ៍ឆ្លើយតប។ លោកសន្ដិបណ្ឌិត ក៏បានលើកទឹកចិត្តក្រុមការងារជំនាញ២ក្រុម ត្រូវបន្ដចុះតាមបណ្ដាព្រំដែន ដោយជួបផ្ទាល់ជាមួយសមត្ថកិច្ច ពលករ ភាគីថៃ និងអាជ្ញាធរខេត្ត ព្រមទាំងសង្កត់ធ្ងន់ថា «យើងរួមគ្នា ជួយពលករចេញចូលតាមព្រំដែន កាត់បន្ថយភាពស្មុគស្មាញ»។
ក្នុងរបាយការណ៍របស់លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក បានឲ្យដឹងថា អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន ឆ្លើយតបតាម សំណូមពររបស់រាជរដ្ឋាភិបាល និងទទួលបាននូវការសាទរយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលករដែលមានតម្រូវការធ្វើដំណើរចេញ ចូលឆ្លងកាត់ព្រំដែន៕