(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះទៅអប់រំសីលធម៌បែបព្រះពុទ្ធសាសនា ដល់សិស្សានុសិស្ស ៨៨២នាក់ នៅសាលាបឋមសិក្សាចំបក់ ស្រុកសំរោងទង។
នាឱកាសនោះដែរ ព្រះរតនសោភ័ណ ម៉ន បឿន ក៏បានផ្ដល់នូវគន្លឹះសិក្សាតាមបែបព្រះពុទ្ធសាសនា និងការអប់រំចិត្តដល់សិស្សានុសិស្សដើម្បីប្រតិបត្តិក្នុងការសិក្សាប្រកបដោយប្រសិទ្ធផល និងយកមេរៀនទាំងនេះប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដើម្បីទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ ជាពិសេសគន្លឹះធ្វើយ៉ាងណាឱ្យរៀនសូត្រឆាប់ចេះ ឆាប់ដឹង ឆាប់យល់ ចងចាំបានយូរ ព្រមទាំងបកស្រាយចម្ងល់របស់សិស្សានុសិស្សថែមទៀត។
ចតុស្តម្ភនៃការអប់រំនៅ កម្ពុជា បានរួមចំណែកបណ្តុះមនុស្សឱ្យរៀនរស់ដោយពហុចំណេះ រួមមាន រៀនដើម្បីចេះដឹង, រៀនដើម្បីចេះធ្វើ, រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីចេះរួមរស់ជាមួយគ្នា។ ក្នុងនោះ ការរៀនដើម្បីមានសីលធម៌ល្អ គឺជាផ្នែកសំខាន់មួយនៅក្នុងចតុស្តម្ភនៃការអប់រំ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់។
នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ក្របដោយសីលធម៌, សមធម៌ និងបរិយាបន្ន គឺជាគោលដៅយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះរាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើ៖ ការពង្រឹង និងការបង្កើនកិច្ចសហការក្នុងការអប់រំអំពី សីលធម៌, គុណធម៌ និងសុជីវធម៌ ដល់សិស្ស និស្សិត និងយុវជនទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ, រៀបចំផែនទីបង្ហាញផ្លូវ ដើម្បីបណ្តុះទម្លាប់មានសីលធម៌, គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់ និងវិន័យ និងបញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា និងផ្នែកសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ព្រមទាំងផ្សព្វផ្សាយ និងបញ្រ្ជាបទៅគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕