(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដំណើរការ ការសម្ភាសដំណាក់កាលទី២ ដើម្បីជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ការសម្ភាសដំណាក់កាលទី ២ នេះ ត្រូវបានធ្វើទ្បើងដោយគណៈមេប្រយោគ ដែលដឹកនាំដោយផ្ទាល់ដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងមានបេក្ខជនដែលត្រូវបានជ្រើសរើសជាប់នៅដំណាក់កាលទី១ ត្រូវធ្វើការសម្ភាសចំនួន ១៩៨ រូប។
ដំណើរការនៃការសម្ភាស ដំណាក់កាលទី២ នេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដោយមុនពេលសម្ភាស បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យយកចូល ឬប្រើប្រាស់នូវសំណៅឯកសារ ទូរសព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗ ព្រមទាំងត្រូវចាប់ឆ្នោតជ្រើសរើសលំដាប់វេនសម្រាប់ចូលសម្ភាសទៅតាមផ្នែកជំនាញរៀងៗខ្លួន។ កិច្ចដំណើរការនៃការសម្ភាសនេះ ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍អនាមិកភាព ពោលគឺ ទំាងអត្តសញ្ញាណ អត្តលេខ លំដាប់លេខរៀងចូលសម្ភាសរបស់បេក្ខជននីមួយៗ មិនត្រូវបានបង្ហាញ និងមិនត្រូវបានអនុញ្ញាតឱ្យសួរដោយគណៈមេប្រយោគ នៅក្នុងអំទ្បុងពេលសម្ភាសនោះឡើយ។
ទន្ទឹមនេះ លទ្ធផលនៃការសម្ភាស ដំណាក់កាលទី២ នេះ ត្រូវបានប្រកាសភ្លាមៗ ក្រោយបញ្ចប់នៃការសម្ភាសបេក្ខជនតាមផ្នែកនីមួយៗ ដោយក្នុងនោះ បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ស្ថាពរសរុបចំនួន ២៥ រូប រួមមាន ផ្នែករដ្ឋបាល ១០ រូប, ផ្នែកច្បាប់ ១០ រូប, ផ្នែកហិរញ្ញវត្ថុ ៣ រូប និងផ្នែកព័ត៌មានវិទ្យា ២ រូប។
គួរបញ្ជាក់ផងដែរថា នៅគ្រប់ដំណាក់កាលនៃកិច្ចដំណើការនៃការសម្ភាសជ្រើសរើសបេក្ខជននេះ ក៏មានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ៕