(ព្រះវិហារ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ឋសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនាប្រចាំឆ្នាំ ក្រោមប្រធានបទ «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាពលោក ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់របស់លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. លោក គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារតំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត រួមទាំងសមាជិកដៃគូសហការរបស់វ.ស.ស.ផងដែរ។
ថ្លែងក្នុងអង្គវេទិកាសន្ទនា លោកអនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការបានមានប្រសាសន៍ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។
ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានមតិស្វាគមន៍ និងកោតសរសើរចំពោះអង្គការស៊ីវិលប្រចាំខេត្តព្រះវិហារដែលបានសហការយ៉ាងល្អជាមួយក្រសួង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសជាច្រើនក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
ដោយឡែក បណ្ដាអង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងវេទិកានេះក៏បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។ អង្គការសង្គមស៊ីវិលក្នុងខេត្ត បានសំដែងការគាំទ្រ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ពួកគាត់ក៏បានប្រកាសគាំទ្រចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្តនៅតាមបណ្តោយព្រំដែននិងផ្សព្វផ្សាយបន្តតាមបណ្តាញសង្គមនានា ដោយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់ខ្លួនឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃគម្រោងអភិវឌ្ឍ CLV-DTA ។
ជាកិច្ចបញ្ចប់ លោកអនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន លក្ខន្តិកៈ និងអនុស្សរណៈរបស់ខ្លួនជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕