(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារដឹកនាំរៀបចំទំនើបកម្មបច្ចេកវិទ្យានៅតាមស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នៃគណៈកម្មការ ចំពោះកិច្ចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ក្រុមទី៤) បានដឹកនាំកិច្ចប្រជុំពិភាក្សា លើលទ្ធផលការងារសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាលើការគ្រប់គ្រង និងត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។
កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាលើការគ្រប់គ្រង និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ស្របតាមផែនការដែលបានគ្រោងទុក សំដៅការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឱ្យបានរឹងមាំ ធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ នៅទូទាំងប្រទេសផងដែរ៕