(ភ្នំពេញ)៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ បានធ្វើបទបង្ហាញអំពីបរិយាកាសអំណោយផល នៃការវិនិយោគនៅកម្ពុជា ដែលមានសុខសន្តិភាព និងស្ថិរភាពពេញលេញ ជូនដល់ជនបរទេស និងវិនិយោគិនជាច្រើន នៅទីក្រុងឆុងឈីង។
ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូល រៀបចំដោយសម័្ពន្ធមេធាវីដ៏ធំមួយរបស់ទីក្រុងឆុងឈីង ដោយមានការចូលរួមពីសំណាក់ លោកអគ្គកុងស៊ុលនៃប្រទេសហ្វីលីពីន លោកអគ្គកុងស៊ុល នៃប្រទេសប៉ាគីស្ថាន ក្រុមហ៊ុនធំៗនានានៅក្នុងទីក្រុងឆុងឈីង និងក្រុមមេធាវីចិន សរុបទាំងអស់ប្រមាណ៨០នាក។
លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជូនអង្គសិក្ខាសាលា អំពី បរិយាកាសទូទៅនៃការវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុខសន្តិភាព និងស្ថិរភាពពេញលេញ ដោយក្នុងនោះ លោកក៏បានបង្ហាញផងដែរ អំពីលក្ខខណ្ឌអនុគ្រោះនានា នៃរបបពន្ធព្រះរាជាណាចក្រកម្ពុជា កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការនាំចេញទៅទីផ្សារតំបន់និងអន្តរជាតិ ដែលទទួលបានការអនុគ្រោះពន្ធ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅពាសពេញផ្ទៃប្រទេស ក្របខណ្ឌគោលនយោបាយ និងច្បាប់នានា ដែលគាំពារដល់សិទ្ធិវិនិយោគិនបរទេស ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមទាំងនីតិវិធីងាយស្រួល និងឆាប់រហ័សក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាតាមរយៈច្រកចេញ-ចូលតែមួយ។
ការផ្សព្វផ្សាយអំពីសក្តានុពលកម្ពុជានេះ ជាអនុវត្ដតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានដាក់ចេញនូវគោលនយោបាយ ដែលហៅថា «ការទូតសេដ្ឋកិច្ច វប្បធម៌»៕