(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមពីលោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងសមាជិក សមាជិក នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។
ក្នុងរបាយការណ៍របស់លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក បានឲ្យដឹងថា អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន ឆ្លើយតបតាម សំណូមពររបស់រាជរដ្ឋាភិបាល និងទទួលបាននូវការសាទរយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលករដែលមានតម្រូវការធ្វើដំណើរចេញ ចូលឆ្លងកាត់ព្រំដែន។
តាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរ ចេញ ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ សរុបចំនួន ៦,២២២,០៥៩នាក់ (ស្រី៣,២៤៨,៤២១នាក់) ក្នុងនោះពលករចំនួន ៥,១១៣,៩២៦នាក់ (ស្រី ២,៣៣៧,២៨៥នាក់)។
តាមទិន្នន័យទទួលបានពីអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរ ឆ្លងកាត់ច្រកទ្វារតំបន់សរុបចំនួន ៣៣៧,៩៦៧នាក់ (ស្រី១៨១,៨១៤នាក់ និងកុមារ១៩,២៩៥នាក់) ភាគច្រើនជាអ្នកចេញ ចូលដើម្បីដោះដូរជីវភាពប្រចាំថ្ងៃ និងជាពលករចេញ ចូលព្រឹកល្ងាច។
លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា លេខាធិការដ្ឋានប្រចាំការ គ.ច.ព.ក បានរៀបចំបង្កើតប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ដោយ មានខ្សែទូរស័ព្ទចំនួន១ខ្សែ លេខ១២៤៤ ប្រព័ន្ធតេឡេក្រាម និងហ្វេសប៊ុកផេកដែលមានឈ្មោះថា គណៈកម្មការដោះស្រាយបញ្ហាឆ្លងដែនរបស់ពលករខ្មែរ និងចាត់តាំងឲ្យមានក្រុមប្រចាំការ ក្នុង១ក្រុម មានមន្ត្រីចំនួន៤នាក់ (ប្រចាំការនៅតាមស្ថាប័ន) ដើម្បីប្រមូល ទទួល និងបញ្ជូនព័ត៌មាន ក្នុងករណីដែលមានសំណូមពរ ឬបណ្ដឹងពីពលករដែលធ្វើដំណើរចេញ ចូលឆ្លងកាត់ព្រំដែន។ ប្រព័ន្ធនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈក្រសួងព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងសង្គម ក្នុងនោះក៏បានទទួលបណ្ដឹង និងដោះស្រាយជូនពលរដ្ឋផងដែរ៕