(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រាក់ខែអប្បបរមាគ្រូបង្រៀន នៅឆ្នាំ២០១៧ នឹងកើនដល់ជាង៩០ម៉ឺនរៀល ខណៈឆ្នាំ២០១៦នេះ មានជាង៨០ម៉ឺនរៀល។
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសុំទោសបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ចំពោះការមិនទាន់បានចុះទៅកាន់ ខេត្តមួយចំនួន នៅក្នុងយុទ្ធនាការចុះត្រួតពិនិត្យតាមបណ្តាខេត្តកន្លងមក។ សម្តេចតេជោ នឹងបន្តចុះទៅកាន់ខេត្តទាំងនោះ នៅពេលខាងមុខ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើកម្ពុជាមិនទាន់ពន្លត់សង្គ្រាម តាមបណ្តាតំបន់មួយចំនួននៅតាមខេត្តមិនដឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែដោយសារយុទ្ធសាស្រ្តឈ្នះៗរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជាមានសន្តិភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងលើផ្ទៃប្រទេសកម្ពុជា។
* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវហើយ អំពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋទៅចូលរួមចុះឈ្មោះបោះឆ្នោត ដែលនៅពេលនេះមានចំនួនជិត៤លាននាក់ប៉ុណ្ណោះ។
* នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បានប្រកាសថា អំពាវនាវឲ្យប្រជាពលរដ្ឋបន្តទិញស្រូវពីប្រជាកសិករ ដើម្បីជួយដោះស្រាយវិបត្តិរបស់ពួកគាត់ ដែលកំពុងជួបបញ្ហាលើតម្លៃស្រូវ, សម្តេចតេជោ បានបញ្ជាក់ថា ខេត្តដែលជួបបញ្ហានេះមានបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់។
* ពាក់ព័ន្ធនឹងបញ្ហានាំស្រូវចេញ, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ូឡូញប្រទេសទី១ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ និងទី២ប្រទេសបារាំង។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ថ្ងៃចេញវស្សាទី១៦ខាងមុខនេះ នឹងមានការអ៊ុទូកប្រណាំងនៅក្រុងតាខ្មៅ, សម្តេចក៏នឹងទៅចូលរួមផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖០៥នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕