(ភ្នំពេញ)៖ «ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន ប្រសិនគ្មានច្បាប់ទេ ក៏គ្មានធនធានធម្មជាតិដែរ»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រមបរិស្ថាននិងធនធានធម្មជាតិ គឺជាអាវក្រោសការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យនៅគង់វង្សយូរអង្វែង ហើយបើគ្មានច្បាប់ក៏គ្មានបរិស្ថាន ហើយបើគ្មានបរិស្ថានក៏គ្មានជីវិតដែរ ជាមួយនឹងភាពសំខាន់នៃជីវិត និងបរិស្ថាននេះ គឺមានតែការអនុវត្តច្បាប់ត្រឹមត្រូវឱ្យបាន ១០០%ប៉ុណ្ណោះ ដែលអាចជួយការពារ សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុតពីការបំពុលនានា ដែលអាចបង្ករគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស និងសត្វបាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ កន្លងមកនេះដែលរួមមាន៖ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «សម្អាតបឹងទន្លេសាប» យុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ» និងយុទ្ធនាការ «ពន្លកបៃតង» គឺជាជំហានឆ្ពោះទៅសម្រេចឱ្យបាន នូវគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចបាននូវទស្សនវិស័យនេះ លុះណាតែការអនុវត្តច្បាប់ជាប្រចាំ និងឱ្យខាងតែបាន ១០០%៕