(ភ្នំពេញ)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងគម្រោងផ្លូវវាងក្រុងសៀមរាប ក្រោមឥណទានសហប្រតិបត្តិការពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្ត និងពិភាក្សាពីបញ្ហាប្រឈមនានាក្នុងការសិក្សាកំណត់ Road Alignment ។
សូមជម្រាបជូនថា គម្រោងផ្លូវវាងក្រុងសៀមរាបនេះមានប្រវែង ៤៥,៧៧ គីឡូម៉ែត្រ ចាប់ផ្ដើមត្រង់ចំណុច គ.ម២៩១+៥០០ លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ឆ្លងកាត់ផ្នែកខាងត្បូងក្រុងសៀមរាប ឆ្ពោះទៅដល់គ.ម៣៣០+២០០ នៃកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប៕