(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Cherdkiat Atthakor ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។
នាឱកាសនោះលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរាជទូត Cherdkiat Atthakor ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការគាំទ្រការងារសហប្រតិបត្តិការវិស័យសាធារណការ និងដឹកជញ្ជូន។ លោករដ្ឋមន្រ្តី សង្ឃឹមថាប្រទេសកម្ពុជា និងប្រទេសថៃ នឹងបន្តសហប្រតិបត្តិការបន្ថែមទៀត ក្នុងនាមជាប្រទេសជិតខាងគ្នា។
លោក Cherdkiat Atthakor បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ជាពិសេសបានកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានដឹកនាំប្រទេសបានយ៉ាងល្អប្រសើរផងដែរ៕