(ស្ទឹងត្រែង)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំបើកសន្និសីទស្តីពី «ផលិតភាពប្រកបដោយបរិយាបន្ន សម្រាប់ធ្វើឱ្យប្រសើរឡើងនូវធុរកិច្ចនៅកម្ពុជា» នៅខេត្តស្ទឹងត្រែង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងលោករដ្ឋមន្ត្រី និងលោក ព្រំ វណ្ណៈ អភិបាលរងខេត្តខេត្តស្ទឹងត្រែង តំណាងលោក អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ម្ចាស់សហគ្រាស សិប្បកម្ម សេវាកម្ម និងសិស្ស និស្សិតជាច្រើននាក់។

លោក ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់រដ្ឋបាលខេត្តស្ទឹងត្រែង ក៏ជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបន្តជំរុញ លើកទឹកចិត្តវិស័យឯកជន ពិសេសសហគ្រាសធុនមីក្រូតូចមធ្យម និងសិប្បកម្មឱ្យមាន សមត្ថភាពរឹងមាំ ប្រកបដោយវឌ្ឍនភាព និងចីរភាព។ ក្នុងនោះរដ្ឋបាលខេត្តស្ទឹងត្រែង តែងតែផ្តល់ការគាំទ្រដល់សហគ្រាសធុនមីក្រូតូច មធ្យម និងសិប្បកម្ម តាមរយៈកម្មវិធីផ្សព្វផ្សាយ បណ្តុះបណ្តាលនានារបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការឱ្យក្រសួងផ្ទាល់ ដើម្បីលើកកម្ពស់សមត្ថភាពវិស័យនេះឱ្យមានភាពរឹងមាំ ស្របតាមស្ថានភាពសេដ្ឋកិច្ចសាកលកំពុងមានភាពមិនទៀងទាត់។

លោក ភោគ សុវណ្ណរិទ្ធ បានលើកឡើងថា ក្នុងនាមលោករដ្ឋមន្ត្រី ហែម វណ្ឌឌី ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «ផលិតភាពប្រកបដោយបរិយាបន្ន សម្រាប់ធ្វើឱ្យប្រសើរឡើងនូវធុរកិច្ចនៅកម្ពុជា» និងសូមកោតសរសើរ ចំពោះវត្តមានលោក លោកស្រី នាងកញ្ញា ជាម្ចាស់ ឬតំណាងសហគ្រាស សិប្បកម្ម សេវាកម្ម សិស្ស និស្សិតទាំងអស់ ដែលបានចំណាយពេលវេលាមមាញឹក អញ្ជើញមកចូលរួមកម្មវិធីថ្ងៃនេះ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តល់អំណាច ដល់វិស័យឯកជន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម សិប្បកម្មឱ្យក្លាយជាអ្នករួមចំណែកដ៏រឹងមាំ និងនិរន្តរភាពដល់សេដ្ឋកិច្ចជាតិ។

បន្ថែមពីនោះទៀត លោក គោគ សុវណ្ណរិទ្ធ បានបន្តថា បច្ចុប្បន្នប្រទេសក្នុងតំបន់ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គេបានអនុវត្តវិធីសាស្ត្រដើម្បីបង្កើនផលិតភាព សមត្ថភាពប្រកួតប្រជែងនេះនៅលើគ្រប់វិស័យ គ្រប់មុខរបរតូចធំ ទាំងអស់ ហើយនៅប្រទេសយើងមានក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនបានវិវឌ្ឍន៍ខ្លួនតាមរយៈការអនុវត្តវិធីសាស្ត្រនេះបានជោគជ័យព្រមទាំងទទួលបានស្តង់ដារអន្តរជាតិ មានសមត្ថភាពប្រកួតប្រជែងលើទីផ្សារ ទៀតផង។ ក្នុងដំណាក់កាលនេះ បើយើងមិនចាប់ផ្តើមអនុវត្តទេ គូប្រកួតប្រជែងយើងនឹងឈានទៅមុខកាន់តែលឿន យើងកាន់តែប្រឈមដែលអាចឈានទៅដួលរលំអាជីវកម្មមិនខាន។

លោក គោគ សុវណ្ណរិទ្ធ បានជំរុញដល់អ្នកចូលរួមសិក្ខាសាលានាពេលនេះ ត្រូវមានការតាំងចិត្តពិតប្រាកដរៀនសូត្របន្ថែមស្វែងយល់ទទួលយកចំណេះដឹងពីកម្មវិធីនេះ ដើម្បីកែប្រែមូលដ្ឋានផលិតកម្មរបស់ខ្លួនឱ្យ មានការវិវឌ្ឍឈានឡើង។ ជាងនេះទៀតការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកធ្វើអាជីវកម្មដូចគ្នា បើអាចធ្វើបានគឺល្អបំផុត ព្រោះថាបទពិសោធន៍ខ្លះកើតពីការអនុវត្តជាក់ស្តែងនៃបុគ្គលរៀងៗខ្លួន៕