(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ​ការងាររបស់ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដោយបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងថៃឱ្យកាន់តែល្អប្រសើរ។

លោក Cherdkiat Attharkor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានចប់បេសកកម្មការទូតរបស់​លោក​នៅកម្ពុជាហើយ។ មុនចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ក្នុងជំនួបជម្រាបលានេះ លោកឯកអគ្គរាជទូតថៃ បានកោតសរសើរការរីកចម្រើនលើវិស័យ​ជា​ច្រើន​នៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់​សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។

លោកឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនង​ថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរ​គុណ​រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុង​អាណតិ្តការទូតរបស់ឯកឧត្តម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែក​យ៉ាង​សកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាង​ប្រទេស​ទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការ​របស់​សម្តេចធិបតី​នៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបតិ្តការលើវិស័យ​មួយ​ចំនួន​ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ។

ក្នុងជំនួបនាព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិយយសសហ​មេត្រីជូនលោកឯកអគ្គរាជទូតផងដែរ ដើម្បីជាការអរគុណដល់កិច្ចប្រឹងប្រែងក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា៕