(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC បានចេញញត្តិគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់២០៨ដុល្លារក្នុងមួយខែ ជូនកម្មករកម្មការិនីសម្រាប់ឆ្នាំ២០២៥។

សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសហព័ន្ធសហជីព សមាគម និងសមាជិកសមាជិកាជាង៤ម៉ឺននាក់ នៅក្នុងវិស័យកម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមធ្វើការគាំទ្រយ៉ាងក្លៀវក្លាចំពោះការ ដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៥ ដែលមានចំនួន២០៨ដុល្លារក្នុង១ខែ ហើយមិនទាន់បូកនឹង អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត។

យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី តាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស មានលក្ខណៈវិទ្យាសាស្ត្រដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គមនិង សេដ្ឋកិច្ចស្របតាមស្ដង់ដា សកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់។

សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC សូមគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសម្រេចផ្ដល់ប្រាក់បន្ថែមចំនួន ២ដុល្លារ ពីលើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផល បោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ ឆ្នាំ២០២៥ គឺ២០៨ដុល្លារក្នុង១ខែ កើនឡើង៤ដុល្លារ ជាពិសេសសម្ដេចធិបតី តែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតទាំងអស់គ្នានៅគ្រប់ កាលៈទេសៈ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល រួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។

សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ ២០៨ដុល្លារក្នុង១ខែ សម្រាប់ឆ្នាំ២០២៥ខាងមុខ និងសូមប្ដេជ្ញាចូលរួមអនុវត្តរាល់ វិធានការអន្ត រាគមន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនបងប្អូនកម្មករនិយោជិតព្រមទាំងបន្តជំរុញឱ្យមានបរិយាកាសវិនិយោគ៕