(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពឧបាសក តាន់ លី (ប៉េង លី) ត្រូវជាបិតាបង្កើត លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១១និង០៩នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពសពឧបាសក តាន់ លី (ប៉េង លី) ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ដែលស្ថិតក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤តទៅ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក ម៉ក់ រ៉ា និងលោក ខូយ រីដា ពិតជាមានក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះការទទួលមរណភាព របស់ឧបាសក តាន់ លី (ប៉េង លី) ត្រូវជាបិតាបង្កើត លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ដែលបានទទួលមរណភាព  កាលពីវេលាម៉ោង ១១ និង០៩នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំ ស្ទើររកទីបំផុតគ្មាន យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ជាទីបំផុត ជាមួយ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ និងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់ឪពុក ជីតា ជាទីគោរពស្រលាញ់ ដ៏ឧត្តុង្គឧត្តម និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅនាពេលកន្លងមក។ 

ស្ថិតក្នុងស្ថានភាពទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ នៃសព របស់ឧបាសក តាន់ លី (ប៉េង លី) និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕