(សៀមរាប)៖ ថ្នាក់ដឹកនាំខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក និងវត្តទេពពោធិវង្ស នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
ពិធិនេះមានការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត រួមទាំងនាយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាគណៈអភិបាលខេត្ត មេបញ្ជាការរង នាយសេនាធិការ នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តរាជបូណ៌ និងវត្តទេពពោធិវង្សចូលរួមផងដែរ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ នៅជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុក ម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីកាន់បិណ្ឌវេនទី២ លោក លោកស្រី ដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។
ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១នេះ។
មានប្រសាសន៍សំណេះសំណាលនោះ លោក ប្រាក់ សោភ័ណ បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់បរលោកទៅហើយនោះ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឱ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឱ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ជាមួយនេះដែរ ថ្នាក់ដឹកនាំក៏បានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងមួយវត្តៗ ទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងបច្ច័យចំនួន ២លានរៀល រួមនឹងបច្ច័យអ្នកចូលរួមពិធីមួយចំនួន និងសីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ៕