(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាលើកទី២ ដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាព នៃការងារសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
កិច្ចប្រជុំអន្តរក្រសួងនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣ផង ដែលបានរៀបចំឡើង នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
នាឱកាសនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ មានសារសំខាន់ណាស់ ដើម្បីឆ្លើយតបតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ ព្រមទាំងបង្កើនប្រសិទ្ធភាពនិងសហថាមភាព សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន ជាពិសេសជួយដល់កម្មវិធីអភិវឌ្ឍន៍រួមគ្នា កសិកម្ម-ទឹក-ជនបទ រួមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវភាពជឿជាក់ យ៉ាងមុតមាំចំពោះការចាប់ផ្តើម និងដំណើរការរបស់ក្រុមការងារត្រី-វិស័យ (កសិកម្ម-ទឹក-ជនបទ) ដែលជាការចាប់ផ្តើមប្រកបដោយភាពជឿជាក់ និងទំនុកចិត្តដែលជាបច្ច័យនាំ ដល់ការសហការយ៉ាងជិតស្និទ្ធ របស់ក្រសួងទាំង៣ ដើម្បីជួយដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានថាមពលនិងផលិតភាពកាន់តែប្រសើរឡើងបន្ថែមទៀត។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសាទរនិងអះអាងជាថ្មី ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមរបស់ក្រសួងទាំង៣ លេចចេញជាផ្លែផ្កា តាមរយៈការអនុវត្តការងាររួមគ្នា ប្រកបដោយការសម្របសម្រួលសហថាមភាព និងបរិយាបន្ន។
បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ និងការពិភាក្សាយ៉ាងផុលផុស លោករដ្ឋមន្ត្រីទាំង៣រូប ដែលជាសហប្រធានអង្គប្រជុំបានព្រមព្រៀង ជាគោលការណ៍លើបីចំណុចដូចខាងក្រោម៖
*ទី១៖ រៀបចំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ៖ កសិកម្ម-ទឹក-ជនបទ និងលក្ខខណ្ឌការងារ
*ទី២៖ ឯកភាពលើលក្ខខណ្ឌវិនិច្ឆ័យរួម សម្រាប់ការកំណត់ទីតាំងក្នុងការចុះអនុវត្តការងាររួមគ្នាក៏ដូចជាជំហានបន្ទាប់ ដែលបានស្នើឡើងដោយក្រុមការងារត្រី-វិស័យ៖ កសិកម្ម-ទឹក-ជនបទ និង
*ទី៣៖ ចុះធ្វើការវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្តានុពលឱ្យស្របតាម លក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរួម ដែលមានខ្លឹមសារទាំងស្រុង៖