(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ផែនការយុទ្ធសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដើម្បីជំរុញការលើកកម្ពស់ និងគាំទ្រស្រ្តីនៅក្នុងវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បញ្ហាយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនេះ មិនមែនត្រឹម តែជាការគិតគូរយកចិត្តទុកដាក់ក្នុងប្រទេសកម្ពុជានោះទេ តែជាបញ្ហារបស់សកលលោកទាំងមូល ដែលគ្រប់គ្នា ត្រូវតែយកចិត្តទុកដាក់ និងលើកស្ទួយ នៅគ្រប់មជ្ឈដ្ឋានសង្គមក្នុងប្រទេសជាតិនីមួយៗ តាមរយៈគោលនយោបាយផែនការយុទ្ធសាស្ត្រ ឬសកម្មភាពផ្សេងៗ ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនថាក្នុងអាណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាក្នុងអាណត្តិថ្មីក្រោមការដឹកនាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ និងបន្តគិតគូរ និងលើកស្ទួយបញ្ហាយេនឌ័រនេះ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិផ្សេងៗជាដើម។ ជាក់ស្តែង ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងបញ្ចកោណទី២ ជ្រុងទី ២ បានបញ្ជាក់យ៉ាងច្បាស់អំពីការបង្កើនប្រសិទ្ធភាព នៃភាគលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ និងការលើកកម្ពស់ សមភាពយេនឌ័រ។
លោកបានលើកឡើងបន្តថា «ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជា ដែលចង់ប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងដើរតួ យ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ក្នុងវិស័យរបស់ខ្លួនផងដែរ ដោយបង្កលក្ខណៈងាយស្រួល និងជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួង និងកម្មវិធីនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
លោកស្រី ឡាយ ណាវីន រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា យោងតាមរបាយការណ៍វឌ្ឍនភាព៥ឆ្នាំ ឆ្នាំ២០១៧-២០២២ បានបង្ហាញថា «ទោះបីជាសមាជិកបណ្តាញក្រុម ការងារយេនឌ័រចំនួនប្រហែល៦៥% បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តតួនាទីជាជនបង្គោលយេនឌ័រក្តី ក្រសួងនៅមិនទាន់សម្រេចបានគោលដៅពេញលេញនៅឡើយ ជាពិសេសគោលដៅនៃការពង្រឹងសមត្ថភាពបណ្តាញក្រុមការងារយេនឌ័រ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទាមទារឱ្យ មានការយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់ផែនការយុទ្ធសាស្រ្តបន្ទាប់»។
តាមរបាយការណ៍ដដែលនេះបានបញ្ជាក់ផងដែរថា «គ្រប់អគ្គនាយដ្ឋានបានបង្ហាញថាការបណ្តុះ បណ្តាលស្តីពីយេនឌ័រ បរិយាបន្នសង្គមមិនទាន់ត្រូវបានដាក់ចូលទៅក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗរបស់ ក្រសួងនៅឡើយទេ ហើយវាពិតជាមានសារៈសំខាន់ណាស់ ជាពិសេស សម្រាប់មន្ត្រីថ្មីៗ»។ ម៉្យាងវិញទៀត សមត្ថភាពបុគ្គលិក មន្ត្រីជំនាញនឌ័រ និងទីប្រឹក្សា នៅមានកម្រិត ក្នុងការបញ្ចបសមភាពយេនឌ័រក្នុង វិស័យ សាធារណៈ និងសង្គម និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងថវិកាជាតិទាប។
លោកស្រីបន្ថែមថា ក្នុងការកសាងនេះក៏មានការចូលរួមពីភាគីគ្រប់លំដាប់ថ្នាក់នៅក្នុងក្រសួងឧស្សាហកម្ម ផងដែរ ដូច្នេះដើម្បីឱ្យអ្នកចូលរួមចំណែកក្នុងការផ្តល់ធាតុចូលជ្រួតជ្រាប និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តគ្រប់លំដាប់ ថ្នាក់នៅក្នុងក្រសួង ត្រៀមខ្លួនយកទៅអនុវត្តបាន ទាមទាចាំបាច់នូវសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធ សាស្ត្របញ្ញាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣-២០២៨»នេះ ៕