(សៀមរាប) ៖ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ សរុប ១៣៧.០៩១នាក់ បានមកទស្សនា តំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាននានា នៅសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី០១ និង ០២ ខែតុលា ឆ្នាំ២០១៦នេះ ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះថា ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី០១ និង ០២ ខែតុលា ឆ្នាំ២០១៦នេះ គឺមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ សរុបចំនួន ១៣៧.០៩១នាក់ បានមកទស្សនា តំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាននានា នៅខេត្តសៀមរាប ។ ក្នុងនោះ គឺមានកំណើន ១១,៤៥% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ ដែលមានចំនួន ១២៣.០០៦នាក់ ។
លោកបញ្ជាក់ថា ក្នុងនោះភ្ញៀវអន្តរជាតិ ១៧.០៩១នាក់ មានការកើនឡើង ១៧,៨២% ប្រៀបធៀបរយះពេលដូចគ្នា នឹងឆ្នាំ២០១៥ មានចំនួន ១៤.៥០៦នាក់។ ហើយភ្ញៀវខ្មែរ មានចំនួន ១២០.០០០នាក់ គឺមានការកើនឡើងចំនួន ១០,៥៩% ប្រៀបធៀបនឹងរយះពេលដូចគ្នាឆ្នាំ២០១៥ ចំនួន ១០៨.៥០០នាក់ ។
លោកបន្តឱ្យដឹងទៀតថា ក្រៅពីភ្ញៀវ បានទៅទស្សនាតំបន់រមណីយដ្ឋាន នៃប្រាង្គប្រាសាទ និងភ្នំគូលេន, ក្បាលស្ពាន, បារាយណ៍ទឹកថ្លា ដែលជារមណីយដ្ឋានវប្បធម៌ អរិយអម៌ ប្រវត្តិសាស្ត្រ និងបេតិកភ័ណ្ឌ ភ្ញៀវបានទៅកំសាន្ដនៅ រមណីយដ្ឋានចាស់ថ្មីជាច្រើនទៀត ដូចជា ទន្លេសាប (ចុងឃ្នៀស, កំពុងភ្លុក, កំពុងឃ្លាំង, ពារាំង, មេជ្រៃ), ទំនប់ម្កាក់, ត្រាវកុត, និងពើងតានាន់ ជាដើម៕