(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្ត្រីការពារជាតិកម្ពុជា តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន Network of ASEAN Defence Institutions (ហៅកាត់ថា NADI) ក្រោមមូលបទ «និម្មាបនកម្មសន្តិសុខដែលកំពុងលេចឡើង នៅអាស៊ីប៉ាស៊ីហ្វិក» ផ្តោតលើការវាយតម្លៃផលប៉ះពាល់ និងអនុសាសន៍សម្រាប់អាស៊ាន នៅខេត្តសៀមរាប។
ប្រធានឧត្តមមន្ត្រីការពារជាតិកម្ពុជា បានផ្ដល់សុន្ទរកថាគន្លឹះដល់អង្គប្រជុំ ដោយបានបញ្ជាក់ថា កិច្ចប្រជុំ NADI ឆ្នាំ២០២៤ នៅកម្ពុជា មានតួនាទីសំខាន់ក្នុងការរៀបចំគោលគំនិត និងទស្សនទាន ពាក់ព័ន្ធនឹងកាលានុវត្តភាព និងបញ្ហាប្រឈមដែលកើតចេញពីការរៀបចំយន្តការសន្តិសុខថ្មីៗនៅក្នុងតំបន់ និងផលប៉ះពាល់ចំពោះមជ្ឈភាពអាស៊ាន សម្រាប់ជាការពិចារណា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅចុងឆ្នាំ២០២៤។
ភ្ជាប់ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងបន្ថែមអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងសន្តិសុខ ដោយបានបញ្ជាក់ថា ប៉ូលនៃមហាអំណាច និងសណ្តាប់ធ្នាប់អន្តរជាតិ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើការកើនឡើង និងការដួលរលំនៃមហាអំណាចក្នុងពិភពលោក និងក្នុងតំបន់ ព្រមទាំងការអភិវឌ្ឍ និងអន្តរាគមន៍នៃបច្ចេកវិទ្យា កម្លាំងយោធា និងសេដ្ឋកិច្ច។ បច្ចុប្បន្ន ពិភពលោកបានឈានចូលក្នុងស្ថានភាពពហុប៉ូល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ឬផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកនៅក្នុងរយៈពេលថ្មីៗ។
កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើម ដែលរក្សាបាននូវសន្តិភាព សន្តិសុខតំបន់ និងពិភពលោក។ តាមរយៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យកម្ពុជាបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបានអភិវឌ្ឍប្រទេសជាតិដែលបានឃើញជាក់ស្តែងនាបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ ផ្អែកតាមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យតំបន់អាស៊ាន ប្រកបដោយសន្តិភាពគ្មានសង្គ្រាមស៊ីវិល។
ទស្សនទាននេះ គឺជាចំណុចសំខាន់ក្នុងការធ្វើឲ្យតំបន់អាស៊ាន កសាងបាននូវជំនឿទុកចិត្ត និងលើកកម្ពស់ឯកភាពអាស៊ាន ជាពិសេសបន្តថែរក្សាបានសន្តិភាព ប្រកបដោយសន្តិសុខ និងភាពសុខដុម សម្រាប់ប្រជាជាតិអាស៊ានជំនាន់ក្រោយ ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។
សូមបញ្ជាក់ថា កិច្ចប្រជុំ NADI ឆ្នាំ២០២៤ ដំណើរការចាប់ពីថ្ងៃទី១៨ ដល់ទី២១ ខែកញ្ញាឆ្នាំ២០២៤ ដោយមានការចូលរួមពិភាក្សាពីស្ថាប័នការពារជាតិ និងសន្តិសុខចំនួន១៤ មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន សរុបចំនួន៤៥រូប ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ។
កិច្ចប្រជុំបានពិភាក្សា និងស្វែងរកគោលគំនិតពាក់ព័ន្ធនឹង វិស័យសន្តិសុខ និងការពារជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីវិភាគលើកាលានុវត្តភាព បញ្ហាប្រឈម និងស្វែងយល់ពីផលប៉ះពាល់ ចំពោះមជ្ឈភាពអាស៊ាន ដែលកើតចេញពីការរៀបចំយន្តការសន្តិសុខថ្មីៗ នៅក្នុងតំបន់ និងដើម្បីផ្លាស់ប្តូរទស្សនៈអំពីរបៀបដែលអាស៊ានអាចពង្រឹងសមត្ថភាព ក៏ដូចជាភាពធន់របស់ខ្លួន ក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណេត ជាពិសេសដើម្បីកំណត់អត្តសញ្ញាណ ព្រមទាំងបង្កើតយន្តការដើម្បីដោះស្រាយបញ្ហាប្រឈមកើតចេញពីបញ្ញាសិប្បនិម្មិត និងសន្តិសុខតាមអ៊ីនធឺណិត នៅក្នុងអាស៊ាន។
កិច្ចប្រជុំនេះ សម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរ ដោយចងក្រងបានជាគោលគំនិត និងទស្សនទាន សម្រាប់ជូនយោបល់ទៅកាន់ឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រាប់ជាការពិចារណា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅចុងឆ្នាំ២០២៤នេះ។
ក្នុងឱកាសនេះ ក៏មានការចូលរួមពីសំណាក់លោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភាជាតិ ជាអ្នកជំនាញផ្នែកគោលគំនិត បានធ្វើបទបង្ហាញលើប្រធានបទ ការវាយតម្លៃលើភាពជាដៃគូសន្តិសុខ ដែលកំពុងលេចឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងផលប៉ះពាល់ចំពោះមជ្ឈភាព និងការឯកភាពអាស៊ាន ដោយបានបង្ហាញស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក មានការប្រែប្រួល ហើយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាចំណុចកណ្តាលនៃការផ្លាស់ប្តូរអំណាចសកល។
កត្តានេះ យន្តការតំបន់អាស៊ានសំខាន់ៗ មានភាពចាំបាច់ក្នុងការបន្តជំរុញការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងពង្រឹងពហុភាគីនិយម និងលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ កិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន ឆ្នាំ២០២៤នេះ នឹងបន្តពិភាក្សាលើចំណុចសំខាន់ៗ បន្ថែមទៀតពាក់ព័ន្ធនឹងវិស័យសន្តិសុខក្នុងតំបន់ ក៏ដូចជាទិសដៅការងារបន្តរបស់បណ្ដាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ានផងដែរ។
សមាជិកកិច្ចប្រជុំ ដែលមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ នឹងអញ្ជើញទស្សនកិច្ចនៅប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាការរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាផងដែរ៕