(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្ដាចំនួន៤ គឺខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។
លោករដ្ឋលេខាធិការបន្តថា ការរៀបចំស្តង់នៅតាមបណ្តាខេត្តទាំង៤នេះ គ្រោងនឹងប្រព្រឹត្តទៅតាមគោលដៅដូចជា៖ សម្រាប់ខេត្តសៀមរាប ទីតាំងសាលាសង្កាត់សាលាកំរើក ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៤, ផ្សារលើធំថ្មី ចាប់ពីថ្ងៃទី៧ ដល់១០ ខែតុលា ឆ្នាំ២០២៤, និងអំឡុងពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ខេត្តកំពង់ចាម ទីតាំង ផ្សារបឹងកុក ចាប់ពីថ្ងៃទី ២៣ ដល់២៦ ខែកញ្ញា ឆ្នាំ២០២៤, គល់ស្ពានគីហ្សូណា ចាប់ពីថ្ងៃទី៦ ដល់៩ ខែតុលា ឆ្នាំ២០២៤។ ខេត្តបាត់ដំបងវិញគឺ ទីតាំងសាលាស្រុកមោងឬស្សី លើកទី១ ចាប់ពីថ្ងៃទី ១៨ ដល់១៩ ខែតុលា ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី ២ ដល់៣ ខែវិច្ឆិកា ឆ្នាំ២០២៤, ទីតាំងផ្សារណាត់ លើកទី១ ចាប់ពីថ្ងៃទី២០ ដល់២១ ខែតុលា ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី ៤ ដល់៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខេត្តតាកែវ ទីតាំងផ្សារទន្លាប់ (គិរីវង់) ចាប់ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ ២០២៤ និងទីតាំងផ្សារសំរោងយ៉ោង (បាទី) ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់៣ ខែធ្នូ ឆ្នាំ២០២៤។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំស្តង់ចល័តរបស់ប.ស.ស. នៅតាមបណ្តាខេត្តទាំង៤ ផ្ទាល់នេះ គឺដើម្បីសម្រួលពេលវេលាក្នុងការធ្វើដំណើរដោយផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.។ សម្រាប់សាកសួរព័ត៌មានបន្ថែមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនងមកលេខ ១២៩៧ និង១២៨៦ ដោយឥតគិតថ្លៃ ២៤ ម៉ោង ក្នុងមួយថ្ងៃ ឬតាមរយៈបណ្តាញសង្គមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង។
លោករដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅទីតាំងខេត្តទាំងបួន ដែលប.ស.ស. នៃក្រសួងការងារនឹងរៀបចំស្ដង់ចល័តនេះសូមមកចូលរួមមកសាកសួរព័ត៌មានឱ្យបានច្រើនកុះករ និងធ្វើការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានច្រើន ពីព្រោះប.ស.ស. បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ក្នុងនោះសមាជិកប.ស.ស. ទាំងអស់ទទួលបានសេវាថែទាំសុខភាពមួយដោយឥតគិតថ្លៃ ចំណាយថវិកាតិចប្រចាំខែ កាត់បន្ថយចំណាយលើការពិនិត្យសុខភាពរបស់ពលរដ្ឋ៕