(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ នៅឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានស្នើយ៉ាងទទួចទៅថ្នាក់ដឹកនាំ ឲ្យជួយជួសជុលផ្លូវលេខ៥០C ភ្ជាប់ពីស្រុកកំពង់លែង ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នាំឲ្យពិបាកក្នុងការធ្វើដំណើរ ជាពិសេសរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
សូមជម្រាបថា កន្លងមក ដោយសារតែផ្លូវនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង អាចជិះត្រង់ទៅខេត្តកំពង់ធំបាន ដោយមិនចាំបាច់វៀងឆ្ងាយទៀតនោះឡើយ ដែលផ្លូវមួយខ្សែនេះ គឺជាផ្លូវប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងសម័យតេជោ ហើយក៏ជាផ្លូវដែលកាត់ចំកណ្តាលប្រទេសកម្ពុជាផងដែរ។ ផ្លូវនេះមានប្រវែង ៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ ៦ នៃខេត្តកំពង់ធំ នៅចំណុចភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ទោះជាយ៉ាងនេះ ព្រោះការដឹកធ្ងន់ធ្ងរពេក នាំឲ្យផ្លូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យការធ្វើដំណើរពីក្រុងកំពង់ឆ្នាំង កាត់ស្រុកកំពង់លែង ទៅក្រុងស្ទឹងសែន មានភាពលំបាកពន់ពេក ជាពិសេសត្រង់ចំណុចឃុំស្វាយរំពារ។
បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅតាមបណ្តោយកំណាត់ផ្លូវនេះ, នៅខែប្រាំងមានដីហុយទ្រលោម ធ្វើឲ្យប៉ះពាល់ដល់កុមារ ក៏ដូចជាមនុស្សចាស់ ដែលមានសុខភាពមិនសូវរឹងមាំ លុះដល់ខែវស្សានេះ កន្លែងខូចក្រហូងបានដក់ទឹក នាំឲ្យកាន់តែពិបាកធ្វើដំណើរ។ ជាពិសេស សំឡេងរថយន្តដែលបើកធ្លាក់កន្លែងក្រហូង បង្កសំឡេងរំខានដល់ដំណេកចាស់ៗ ជាពួកគាត់ជាពន់ពេក៕