(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទទួលសវនាការ និងទទួលថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន។ ពិធីប្រគល់ និងទទួលថវិកាឧបត្ថម្ភនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនោះលោកស្រីបានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្ដដ៏សប្បុរសរបស់ក្រុមហ៊ុន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រកន្លងមក ដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ជាពិសេសឆ្លើយតបទៅនឹងការអំពាវនាវកៀរគរថវិការបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

លោកបានថ្លែងបន្តថា «បច្ចុប្បន្ននេះប្រទេសក្នុងតំបន់អាស៊ីរបស់យើង កំពុងរងគ្រោះទឹកជំទំនន់ ពីខ្យល់ព្យុះ ទីហ្វុង យ៉ាហ្គី ដូច្នេះសមាគមនីមួយៗកំពុងខិតខំជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងអស់គ្នា យើងជឿជាក់ស្មារតីនិងឯកភាពជាមួយប្រទេសជិតខាង យើងតែងជួយគ្នាទៅវិញទៅមកពេលមានទុក្ខលំបាក»។

លោកស្រីក៏បានកោតសរសើរដល់ក្រុមជួយសង្គ្រោះនៅក្នុងប្រទេសថៃ ដែលបានជួយដល់ប្រជាពលរដ្ឋ ប្រកបដោយមានប្រសិទ្ធភាពភ្លាមៗ និងបានឆាប់រហ័ស។ ក្នុងនោះកម្ពុជាក៏ទើបតែចាប់ផ្តើមានទឹកជំនន់ ហើយរាជរដ្ឋាភិបាលយើង ក៏ដូចជាអាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ក៏បានណែនាំដល់ប្រជាពលរដ្ឋ និងមានយន្តការត្រៀមបង្ការ និងប្រុងប្រយ័ត្នជានិច្ច។ សម្រាប់កាកបាទក្រហមកម្ពុជាយើង ក៏បានតៀមលក្ខណៈរួចជាស្រេចផងដែរ ហើយអ្វីដែលធ្វើឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ គឺថវិកាដែលទទួលបានពីសប្បុរសជន ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្នុងនោះក៏មានការរួមចំណែករបស់ក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែនផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណចំពោះប្រតិភូក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន ដែលធ្វើដំណើរពីប្រទេសថៃ មកកម្ពុជា ទោះមានរយៈពេលខ្លី ក៏មិនភ្លេចកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណដល់លោក ខាំពូន កែវមុណី ដែលតែងសម្របសម្រួល និងទំនាក់ទំនងជាមួយក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន ពិសេសចំពោះទឹកចិត្តមនុស្សធម៌របស់ ដែលតែងតែចូលរួមគ្រប់សកម្មភាព ដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ៕