(រតនគិរី)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់ គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី។ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ D សាលាខេត្តរតនគិរី។

បន្ទាប់ពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី រាយការណ៍ជូនពីលទ្ធផលការងាររបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី រួចមក, លោក ញ៉ែម សំអឿន អភិបាលខេត្ត ដែលទើបប្រកាសទទួលស្គាល់ជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

១- យកចិត្តទុកដាក់អនុវត្តតាមស្មារតីលក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់អង្គការរណសិរ្ស
២- គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន
៣- គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតីបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា
៤- ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អរវាងរណសិរ្សគ្រប់ថ្នាក់
៥- ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេស ជិតខាង
៦- ជំរុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា
៧- លើកកម្ពស់ស្មារតីស្រឡាញ់ ថែរក្សា និងការពារសុខសន្តិភាព និងការអភិវឌ្ឍ។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះអស់លោក លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរីនាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះបានយ៉ាងល្អ និងអធិកអធម និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្ស ខេត្តរតនគិរីគ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្មស្របតាមលក្ខន្តិកៈនិងបេសកកម្មរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើអាជ្ញាធរខេត្ត ត្រូវបង្ករលក្ខណៈងាយស្រួល និងផ្តល់ឱកាសដល់ អ្នកវិនិយោគទុន និងថែរក្សាអ្នកវិនិយោគឱ្យបាបានល្អ ដើម្បីជាផ្នែកមួយ ក្នុងការជួយជ្រោងសេដ្ឋកិច្ចរបស់ខេត្តឱ្យឈានឡើង មួយកម្រិតទៀត។ ចំណែកឯប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សុខដុម នៃសង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

សម្តេចបានអំពាវនាវប្រជាពលរដ្ឋត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងសូមកុំជឿតាមក្រុមជ្រុលនិយមដែលតែងតែរារាំងដល់កិច្ចអភិវឌ្ឍន៍ ពិសេសពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV៕